ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អាមេរិក គួរបោះបង់ចោល នូវទស្សនៈផលបូកសូន្យ និង ធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ច និងក្បួនច្បាប់ទីផ្សារ ទើបជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ធ្វើឱ្យឧស្សាហកម្ម របស់ខ្លួន មានភាពកាន់តែខ្លាំងក្លា

នាពេលថ្មីៗកន្លងទៅនេះ ពាក្យសម្តីរបស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែត របស់អាមេរិករិះគន់ និងសើចចំអក ។

នៅពេលទៅទស្សនារោងចក្រផលិត អាគុយសូឡាប្រើថាមពលពន្លឺ ព្រះអាទិត្យមួយក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក លោកស្រី Janet Yellen បានអះអាងថា ឧស្សាហកម្ម ថាមពលថ្មី របស់ប្រទេសចិន មានបញ្ហាអតិរេកផ្នែកផលិតភាព ដែលបានបណ្តាល ឱ្យតម្លៃសកលនិងរូបមន្តផលិតកម្ម មានភាពមិនប្រក្រតី ហើយបានប៉ះពាល់ដល់ផលប្រយោជន៍ របស់សហគ្រាសនិងកម្មករអាមេរិក ។

បន្ទាប់ពីពាក្យសម្តីបែបនេះ ចេញពីមាត់របស់លោកស្រី បានធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែត របស់អាមេរិកសើចចំអកភ្លាមថា “ខណៈដែលអាមេរិក មានឧត្តមភាពប្រកួតក្នុងការប្រជែង ពួកគេក៏ថ្លែងអំពីទីផ្សារសេរី បើមិនអ៊ីចឹង ក៏អនុវត្តការពារនិយម ។ នេះគឺជាក្បួនច្បាប់របស់សហរដ្ឋអាមេរិក” ។ល។ ការបញ្ចេញមតិយ៉ាងមុតស្រួចទាំងនេះ បានលាតត្រដាងនូវការនិយាយយក តែត្រូវដោយគ្មានហេតុផល ការលាក់ពុតនិងស្តង់ដារពីរ របស់អ្នកនយោបាយ មួយចំនួន របស់អាមេរិក ហើយក៏បានលាតត្រដាង នូវគំនិតអនុត្តរភាពរបស់ពួកគេ ដែលភ័យខ្លាចការប្រកួតប្រជែង ដោយយុត្តិធម៌និងទម្លាក់កំហុសឱ្យគេ តាមតែទំនើងចិត្តផងដែរ ។

ការអភិវឌ្ឍបៃតងគឺជាតម្រូវ ការផ្ទៃក្នុង នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ។ ប្រទេសចិនគឺជាប្រទេសមុនគេ បង្អស់ក្នុងចំណោមប្រទេសធំ លើទូទាំងពិភពលោក ដែលលើកឡើងនូវគោលដៅ ស្តីពីការកាត់បន្ថយ ការបញ្ចេញការបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ នៅឆ្នាំ ២០២៣ ទំហំនាំ ចេញសរុប នៃ”ផលិតផលចំនួន ៣ “របស់ចិនដែលមានរថយន្តដឹកអ្នកដំណើរដើរ ដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយ ថាមពលសូឡា ជាតំណាងមានចំនួនលើសពី ១,០៦ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើងជិត ៣០ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រការនេះមិនត្រឹមតែបានបង្ហាញ ពីភាពរស់រវើករបស់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បានជួយ ប្រទេសផ្សេងទៀត ឱ្យសម្រេចបាននូវការធ្វើបរិវត្តកម្ម បៃតង ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ ។

យ៉ាណាមិញ នៅក្នុងក្រសែភ្នែក របស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក ការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស នៃឧស្សាហកម្ម”យុទ្ធសាស្រ្តថ្មី” របស់ប្រទេសចិនបាននិងកំពុងគំរាមកំហែលដល់ផលប្រយោជន៍របស់ពួកគេ ។ ស្ថិតក្រោមទស្សនៈផលបូកសូន្យ ពួកគេបានយល់ឃើញថា ឋានៈរបស់ប្រទេសចិន ក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានលើកកម្ពស់ គឺមានន័យថា ឱកាសសម្រាប់សហគ្រាសអាមេរិក កាន់តែតិចទៅៗ ។ តើត្រូវដោះស្រាយតាមរបៀបណា ? ពួកគេមិនមែនគិតគូរពីការកែលម្អបច្ចេកវិទ្យា និងលើកកម្ពស់កម្លំងប្រកួតប្រជែងរបស់ខ្លួននោះទេ តែគឺយកអ្វីដែលហៅថា “សន្តិសុខជាតិ”និង”បញ្ហាអតិរេកផ្នែក ផលិតភាព”ជាដើមធ្វើជាលេស ដើម្បីព្យាយាមលាបពណ៌ប្រទេសចិន និងដកហូតសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍ ដ៏ស្របច្បាប់របស់ប្រជាជនចិន ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធ សារព័ត៌មានអាមេរិកឱ្យដឹងថា ឥស្សរជនអ្នកដឹងប្រភពព័ត៌មាននៃរដ្ឋាភិបាលអាមេរិកបានអះអាងថា លោកស្រី Janet Yellen នឹងបំពេញទស្សនកិច្ច នៅប្រទេសចិននាពេលដ៏ខ្លីខាងមុខនេះ ។ អ្នកវិភាគមួយចំនួនបានសម្គាល់ឃើញថា លោកស្រីបានឃោសនាបំប៉ោង ពីបញ្ហាពិភាក្សាពាក់ព័ន្ធនៅពេលនេះ គឺមានបំណងចង់ដាក់សម្ពាធទៅលើប្រទេសចិនអំពីគោលនយោបាយឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងពេលជាមួយគ្នានេះ ក៏មិនច្រានចោលលទ្ធភាព ដែលបំភាន់ដល់មតិសាធារណៈ សម្រាប់ការដាក់ចេញនូវគោលនយោបាយ ការពារនិយមនៅជំហានក្រោយ របស់អាមេរិកផងដែរ ។

បច្ចុប្បន្ននេះ ឧស្សាហកម្ម ថាមពលថ្មី សកលមានអនាគតយ៉ាងទូលំទូលាយ ។ ក្នុងអំឡុងពេលកិច្ចជំនួបប្រមុខ រដ្ឋរវាងចិននិងអាមេរិកនៅក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ដែលធ្វើឡើង កាលពីឆ្នាំមុន ប្រទេសទាំងពីរបានរួមគ្នាចេញ ផ្សាយសេចក្តីថ្លែងការណ៍ ស្តីពី” ស្រុកពន្លឺព្រះអាទិត្យ” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការក្នុងការឆ្លើយតបនឹងវិបត្តិអាកាសធាតុ ។ និយាយចំពោះអ្នកនយោបាយ មួយចំនួនរបស់អាមេរិក ពួកគេគួរតែបោះបង់ចោល នូវទស្សនៈផលបូកសូន្យដោយបានយល់ដឹងថា ភាពជោគជ័យរៀងៗ ខ្លួនរបស់ចិននិងអាមេរិក គឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក ហើយគួរធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ច និងក្បួនច្បាប់ទីផ្សារ ។ ប្រការទាំងនេះទើបជាមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់ធ្វើឱ្យឧស្សាហកម្មរបស់ខ្លួន មានភាពកាន់តែខ្លាំងក្លា ៕

To Top