មូស្គូ ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានរកឃើញ ភស្តុតាង ដែលបង្ហាញថា ភេរវករដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារសាលប្រគុំ តន្ត្រីនៅទីក្រុងមូស្គូ គ្រោងនឹងឆ្លងចូលអ៊ុយក្រែន ដើម្បីទទួលបានរង្វាន់ របស់ពួកគេ។
គណៈកម្មាធិការបានឲ្យដឹងនៅលើ Telegram របស់ពួកគេថា “តាមការណែនាំ របស់អ្នកសម្របសម្រួល បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ភេរវករបានបើកឡាន ឆ្ពោះទៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លងកាត់វាជាបន្តបន្ទាប់ ហើយមកដល់ទីក្រុងគៀវ ដើម្បីទទួលបានរង្វាន់ ដែលពួកគេត្រូវបានសន្យា” ។
ប្រភពបានបន្ថែមថា បុរសម្នាក់ដែលបានណែនាំខ្លួន ដោយប្រើឈ្មោះក្លែងក្លាយ បានជួយសម្របសម្រួលសកម្មភាពរបស់ភេរវករទាំង នៅដំណាក់កាលរៀបចំ និងបន្ទាប់ពីពួកគេបានវាយប្រហារ កន្លែងប្រគុំតន្ត្រី។
គណៈកម្មាធិការក៏បានឲ្យដឹងផងដែរថា ជនសង្ស័យទី៩ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រម្សិលមិញនេះ៕
ប្រែសម្រួល ឈូក បូរ៉ា