ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ស្បថចូលកាន់តំណែង ស្របពេលកំពុងមានសង្គ្រាម នៅតំបន់ហ្គាហ្សា

Xinhua

រ៉ាម៉ាឡា៖ រដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន ដឹកនាំដោយនាយករដ្ឋមន្ត្រី Mohammad Mustafa បានស្បថចូលកាន់តំណែង នៅទីនេះនៅតំបន់វេសបែង កាលពីថ្ងៃអាទិត្យ ស្របពេលដែលកំពុងមាន សង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សា។

រដ្ឋាភិបាលថ្មីមានផលប័ត្ររដ្ឋមន្ត្រីចំនួន ២៣ រួមទាំងរដ្ឋមន្ត្រីយ៉ាងហោចណាស់ ៦នាក់មកពីតំបន់ហ្គាហ្សាស្រ្ទីប ។ លោក Mustafa ក៏នឹងចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសពីអ្នកការទូតជើងចាស់ Riyad Al-Maliki ផងដែរ។

ក្នុងអំឡុងពេលពិធីស្បថ នៅចំពោះមុខប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងលោក Mustafa បានសន្យាថារដ្ឋាភិបាលថ្មី របស់លោកនឹងបម្រើប្រជាជនប៉ាឡេស្ទីនទាំងអស់ ដោយសង្កត់ធ្ងន់លើឯកសារ យោងនយោបាយរបស់រដ្ឋាភិបាល គឺអង្គការរំដោះប៉ាឡេស្ទីន និងកម្មវិធីនយោបាយរបស់ខ្លួន និងការប្តេជ្ញាចិត្តអន្តរជាតិ ដូចដែលបានកំណត់ដោយលិខិតប្រគល់ភារកិច្ច ដែលគូសបញ្ជាក់ដោយលោក អាបាស ។

នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលថ្មីបន្ទាប់ពីពិធីនេះ លោក អាបាស បានបញ្ជាក់សារជាថ្មីថា ការងារកំពុងដំណើរការក្នុងការ សម្របសម្រួលជាមួយភាគីអារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។

លោកប្រធានាធិបតីបានឲ្យដឹងថា “គោលដៅនយោបាយរបស់យើង គឺដើម្បីសម្រេចបាននូវសេរីភាព ឯករាជ្យ និងការរំដោះពីការកាន់កាប់របស់អ៊ីស្រាអែល ហើយយើងកំពុងធ្វើការជាមួយភាគីអារ៉ាប់ និងភាគីអន្តរជាតិ ដែលពាក់ព័ន្ធដើម្បីទទួលបានសមាជិកភាព ពេញលេញនៅក្នុងអង្គការសហប្រជាជាតិ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA ។

នៅថ្ងៃទី១៤ ខែមីនា លោក អាបាស បានប្រគល់ភារកិច្ចឱ្យលោក Mustafa ដែលជាប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន និងទីប្រឹក្សាសេដ្ឋកិច្ចយូរអង្វែង របស់គាត់ដើម្បីបង្កើតរដ្ឋាភិបាលទី១៩ នេះបើយោងតាម ​​WAFA ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top