ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅហ្គាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧៨២នាក់។
ក្រសួងបានបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧៧ នាក់ និង ១០៨នាក់ផ្សេងទៀតរងរបួស។
នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២,៧៨២នាក់ និងរបួសដល់ ៧៥,២៩៨នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនបច្ចុប្បន្នបានផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានរាយការណ៍ថា ការប្រយុទ្ធគ្នាកំពុងបន្តនៅក្នុងតំបន់ Shifa Complex ក្នុងទីក្រុងហ្គាហ្សា ដោយកត់សម្គាល់ថា កងកម្លាំងកងទ័ព កំពុងធ្វើការប្រយុទ្ធគ្នា ខណៈពេលដែលជៀសវាងការ បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល អ្នកជំងឺ និងបុគ្គលិកពេទ្យ។
ប្រភពបានបន្ថែមថា យន្តហោះរបស់កងទ័ពអាកាស បានវាយប្រហារអគារជាច្រើននៅក្នុងសង្កាត់ Al-Rimal ក្នុងទីក្រុងហ្គាហ្សា ដើម្បីទប់ស្កាត់កាំជ្រួចប្រឆាំងរថក្រោះ និងការប៉ុនប៉ងបាញ់ប្រហារប្រឆាំងនឹង កងកម្លាំងកងទ័ពអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា