បរទេស៖ យោធាអាមេរិកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើក ពីរគ្រឿងនៅក្នុងតំបន់ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន ដោយនិយាយថាយន្តហោះទាំង ២គ្រឿងនោះ គឺបានបង្កការគំរាមកំហែងដល់នាវានៅក្នុងតំបន់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក មួយនៅលើសមុទ្រក្រហម ហើយមួយទៀតត្រូវបានបំផ្លាញនៅលើដី ដែលវាត្រៀមបាញ់បង្ហោះ។
យន្តហោះគ្មានមនុស្សបើកទាំងពីរគ្រឿង ត្រូវបានបំផ្លាញកាលពីថ្ងៃសៅរ៍។
CENTCOM បាននិយាយទៀតថា “សកម្មភាពទាំងនេះគឺចាំបាច់ ដើម្បីការពារកងកម្លាំងរបស់យើង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឱ្យដែនទឹកអន្តរជាតិកាន់តែមានសុវត្ថភាព និងសុវត្ថិភាពជាងមុនសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធភាព និងនាវាពាណិជ្ជករ”។
ចំណែកទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្ម ដែនសមុទ្ររបស់ចក្រភពអង់គ្លេស មិនបានរាយការណ៍ពីការគំរាមកំហែងណាមួយ ប្រឆាំងនឹងនាវានៅក្នុងតំបន់នៅពេលនោះទេ។
ក្រុមឧទ្ទាមហួធី បានធ្វើការវាយប្រហារជាច្រើន ប្រឆាំងនឹងនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយនិយាយថា សកម្មភាពរបស់ពួកគេគឺនៅក្នុង សាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ Gaza ចំពេលមានសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕
ប្រែសម្រួលៈ ណៃ តុលា