ព័ត៌មានអន្តរជាតិ

Update: ក្រុមហាម៉ាស បញ្ជាក់ថា ជនបរទេស ៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាកណ្តាល

xinhua

ហ្គាហ្សា ៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ជនបរទេសបីនាក់ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើរថយន្តនៅក្នុងទីក្រុង Deir al-Balah នៅកណ្តាលហ្គាហ្សាស្ទ្រីប ។

បន្ទាប់ពីទទួលបានរបាយការណ៍នេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងស៊ើបអង្កេត ជាបន្ទាន់នូវរបាយការណ៍ ដែលថាពលរដ្ឋម្នាក់ ត្រូវបានសម្លាប់ពេលកំពុងផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា នេះបើតាមនាយករដ្ឋមន្រ្តីលោក Anthony Albanese។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃចន្ទម៉ោងក្នុងស្រុកថា ពលរដ្ឋអូស្ត្រាលី ម្នាក់ស្ថិតក្នុងចំណោមបុគ្គលិក នៃអង្គការជំនួយ World Central Kitchen (WCK) ដែលត្រូវបានសម្លាប់នៅពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរត្រូវបានវាយប្រហារ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់  Deir al-Balah នៅកណ្តាលហ្គាហ្សា ។

ឆ្លើយតបទៅនឹងរបាយការណ៍នេះ លោក Albanese បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ វិទ្យុ Australian Broadcasting Corporation (ABC) ថា រដ្ឋាភិបាលសហព័ន្ធកំពុងស៊ើបអង្កេតលើករណីនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស និងពាណិជ្ជកម្មបានឲ្យដឹងថា របាយការណ៍នៃការវាយប្រហារតាមអាកាសនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ហើយបានរំលឹកឡើងវិញពីតម្រូវការសម្រាប់ជីវិតជនស៊ីវិល ដែលត្រូវការពារនៅក្នុងជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top