បរទេស៖ ការប្រារព្ធពិធីនៃការឈ្នះ ការបោះឆ្នោតក្នុងស្រុកនៅក្នុងទីក្រុង Denizli របស់ប្រទេសតួកគី បានធ្វើឱ្យគណបក្ស សាធារណរដ្ឋរបស់តួកគី (CHP) ស្លាប់សមាជិកយ៉ាងអាណោចអាធ័ម ដោយមនុស្សម្នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលយប់ នៅពេលដែលសមាជិកគណបក្ស និងអ្នកគាំទ្របានប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរជ័យជម្នះរបស់លោក Kadir Tatik នៅក្នុងយុទ្ធនាការរបស់លោកសម្រាប់ ការិយាល័យកណ្តាលក្រុងក្នុងតំបន់ បន្ទាប់ពីលទ្ធផលបឋមនៃ ការបោះឆ្នោតត្រូវបានប្រកាស។
វីដេអូពីកន្លែងកើតហេតុបង្ហាញ ពីសមាជិកបក្សជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅលើយ៉រនៃអគារមួយ ដោយមានហ្វូងអ្នកទស្សនាបាន អបអរសាទរពួកគេនៅខាងក្រៅ។ ក្រោយមក យ៉រនោះត្រូវបានគេមើលឃើញថា ស្រាប់តែបានបាក់ស្រុតចុះមកក្រោមតែម្តង។
គ្រោះថ្នាក់នេះបានធ្វើឲ្យសមាជិកបក្សចំនួន ៨ នាក់ ដែលកំពុងឈរនៅលើយ៉ររងរបួស។ មនុស្សបីនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានម្នាក់ ជាអនុប្រធានគណបក្ស CHP ប្រចាំតំបន់ លោក Mehmet Palaz បានស្លាប់នៅក្នុងមន្ទីរពេទ្យភ្លាមៗ ៕
ប្រែសម្រួលៈ ណៃ តុលា