ព័ត៌មានអន្តរជាតិ

Update: អ៊ីរ៉ង់ ប្តេជ្ញាសងសឹកជាមួយអ៊ីស្រាអែល និងអាមេរិក បន្ទាប់ពីឧត្តមសេនីយ៍របស់ខ្លួនបានស្លាប់

Xinhua

បរទេស៖ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកអ៊ីស្រាអែលនិងអាមេរិក ជាការឆ្លើយតបចំពោះការវាយប្រហារ តាមអាកាសនៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ក្រុមមេបញ្ជាការ ជាន់ខ្ពស់របស់ក្រុងតេហេរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាក់ថា មន្ត្រីចំនួន៧រូប រួមទាំងឧត្តមសេនីយ៍ទោ Mohammad Reza Zahedi និង Mohammad Hadi Haji Rahimi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។ ឧត្តមសេនីយ៍ Zahedi គឺជាមេបញ្ជាការជាន់ខ្ពស់ជាមួយកងកម្លាំង Quds – អង្គភាព IRGC ទទួលបន្ទុកប្រតិបត្តិការនៅបរទេស – ហើយឧត្តមសេនីយ៍ Rahimi គឺជាអនុប្រធានរបស់គាត់។

មន្ត្រីនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ខណៈពេលដែលរក្សាសិទ្ធិរបស់ខ្លួនក្នុងការ ចាត់វិធានការតបត សម្រេចចិត្តលើប្រភេទនៃប្រតិកម្ម និងការដាក់ទណ្ឌកម្មរបស់អ្នកឈ្លានពាន” ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានព្រមាននៅលើ X (អតីត Twitter) ថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក “ត្រូវតែទទួលខុសត្រូវ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top