ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលនីហ្សេរីយ៉ា នឹងលក់យន្តហោះ ៣គ្រឿង របស់ប្រធានាធិបតី អំឡុងពេលកំពុងមានវិបត្តិសេដ្ឋកិច្ច

AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស នីហ្សេរីយ៉ា បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា គ្រោងនឹងលក់យន្តហោះចំនួន ៣គ្រឿង ពីកងទ័ពជើងអាកាសប្រធានាធិបតីរបស់ខ្លួន (PAF) ដែលជាផ្នែកមួយនៃវិធានការកាត់បន្ថយ ការចំណាយនៅក្នុង ប្រទេសអាហ្រ្វិកខាងលិចមួយនេះ ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានបញ្ជាឱ្យកងនាវាផ្នែកជើងអាកាស ដែលរួមមានយន្តហោះចំនួន ៦ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង ត្រូវកាត់បន្ថយ ដោយសារតែមានការព្រួយបារម្ភ អំពីការកើនឡើងនៃការចំណាយ។ នេះបើយោងតាមកាសែត The Nation ដែលដកស្រង់ប្រភពរដ្ឋាភិបាលអនាមិក។

មន្ត្រីរូបនោះបានប្រាប់ ទីភ្នាក់ងារព័ត៌មានថា «ខ្ញុំគិតថា មន្ត្រីក្នុងកងទ័ពជើងអាកាសប្រធានាធិបតី មានការព្រួយបារម្ភជាពិសេស អំពីភាពញឹកញាប់នៃការថែទាំ និងតម្លៃដែលត្រូវចំណាយសម្រាប់ប្រទេសជាតិ។ លោកបានបន្ថែមថា លោកប្រធានាធិបតីបានសម្រេចចិត្ត លែងប្រើយន្តហោះដែលបង្កើតជា “បន្ទុកភាគច្រើន”។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់នីហ្សេរីយ៉ា បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Abuja បានចំណាយថវិកាយ៉ាងហោចណាស់ ៨០ ពាន់លានណារ៉ា ស្មើនឹងប្រហែល ៦០លានដុល្លារ លើការចំណាយលើការថែទាំ របស់កងទ័ពជើងអាកាសប្រធានាធិបតីចន្លោះឆ្នាំ ២០១៦ និង ២០២៣ ។

កាលពីមុនប្រទេសនីហ្សេរីយ៉ា បានព្យាយាមលក់យន្តហោះពីរគ្រឿងក្នុងឆ្នាំ ២០១៦ ក្នុងអំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតី Muhammadu Buhari ប៉ុន្តែមិនអាចស្វែងរកអ្នកទិញបានទេ។ អ្នកដេញថ្លៃដំបូងត្រូវបានគេរាយការណ៍ថា បានផ្តល់តម្លៃ ១១ លានដុល្លារសម្រាប់យន្តហោះប្រតិបត្តិ Dassault Falcon 7x និងយន្តហោះជំនួញ Beechcraft Hawker 4000 ជំនួសឱ្យតម្លៃស្នើសុំក្នុងតម្លៃ ២៤ លានដុល្លារ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានច្រានចោលការផ្តល់ជូននេះ ។

សូមជម្រាបថា ប្រទេសដែលមានប្រជាជន ច្រើនជាងគេនៅទ្វីបអាហ្រ្វិកគឺនីហ្សេរីយ៉ា គឺត្រូវបានគ្រប់គ្រងដោយវិបត្តិតម្លៃនៃការរស់នៅ ចាប់តាំងពីប្រធានាធិបតី Tinubu ដែលចូលកាន់តំណែងកាលពីខែឧសភា បានដកប្រាក់ឧបត្ថម្ភធនប្រេងជាផ្នែកនៃ កំណែទម្រង់កាត់បន្ថយឱនភាពថវិកា ដែលបង្កឱ្យមានការតវ៉ាតាមដងផ្លូវ និងកូដកម្មទូទាំងប្រទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top