យូអិន ៖ អង្គការសហប្រជាជាតិ បានសម្តែងការថ្កោលទោស របស់ខ្លួនបន្ទាប់ពីការ ចោទប្រកាន់របស់អ៊ីរ៉ង់ ដែលថាអ៊ីស្រាអែល បានធ្វើការវាយប្រហារដោយមីស៊ីល លើបរិវេណការទូតរបស់ខ្លួន ក្នុងទីក្រុងដាម៉ាស ដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសគួរឱ្យកត់សម្គាល់។
ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Khaled Khiari បានប្រាប់កិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការវាយប្រហារ របស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដោយបង្ហាញថា អ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហារនេះ បាននាំឱ្យមានការ ស្លាប់របស់បុគ្គលិក អ៊ីរ៉ង់យ៉ាងតិច ៥នាក់ រួមទាំង “ទីប្រឹក្សាយោធាជាន់ខ្ពស់” ជាមួយនឹងចំនួនអ្នកស្លាប់ កើនឡើងដល់១៣នាក់ ក្នុងនោះមានពលរដ្ឋស៊ីរី ៦នាក់ ។
ការអះអាងទាំងនេះត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី “ការរំលោភបំពាននៃបរិវេណការទូត និងកុងស៊ុល” និងការគោរពជាចាំបាច់សម្រាប់ “អធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋជាសមាជិក” ដែលបានគូសបញ្ជាក់ដោយលោក Khiari ។
ស្ថានភាពនៅក្នុងប្រទេសស៊ីរី ដូចដែលបានពណ៌នា ដោយលោក Khiari នៅតែអាក្រក់ ដោយ “កងទ័ពបរទេសចំនួន៦ កំពុងប្រតិបត្តិការ នៅលើទឹកដីរបស់ខ្លួន” ធ្វើឱ្យការលំបាករបស់ជនស៊ីវិល កាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីបន្ថែមទៀត។
ជាពិសេស លោក Khiari បានគូសបញ្ជាក់ជាបន្តបន្ទាប់នៃ “ការវាយប្រហារដ៍សាហាវ” លើគោលដៅដែលពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី ដែលសន្មតថាជារបស់អ៊ីស្រាអែល ជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី០៧ ខែតុលា។
លោក Khiari បានលើកឡើងថា ការអំពាវនាវរបស់អង្គការសហប្រជាជាតិ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខឱ្យ “ចូលរួមយ៉ាងសកម្មគ្រប់ភាគីពាក់ព័ន្ធ” បញ្ជាក់ពីតម្រូវការសំខាន់ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត និងអស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា