បរទេស៖ មហាសេដ្ឋីវៀតណាមចំនួន៦រូប បានជាប់ក្នុងបញ្ជីអ្នកមាន របស់ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដោយមានសេដ្ឋី៤នាក់ ក្នុងចំណោម៦នាក់នោះ បានកើនទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋីវៀតណាម តាមលំដាប់លំដោយ នៃទ្រព្យសម្បត្តិ រួមមានលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup នាយកប្រតិបត្តិក្រុមហ៊ុន VietJet Air លោកស្រី Nguyen Thi Phuong Thao , ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat លោក Tran Dinh Long , ប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh, ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco លោក Tran Ba Duong និងប្រធានក្រុមហ៊ុនលក់រាយ Masan លោក Nguyen Dang ។
លោក Vuong ដែលជាមហាសេដ្ឋីមានជាងគេបំផុតក្នុងប្រទេស មានទ្រព្យសម្បត្តិ ៤.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២.៣% ធៀបនឹងឆ្នាំមុន។ លោកមាននៅក្នុងបញ្ជីនេះសម្រាប់ឆ្នាំទី១២ ។ លោកស្រី Thao ដែលជាអនុប្រធានធនាគារ HDBank មានទ្រព្យសម្បត្តិសុទ្ធចំនួន ២,៨ ពាន់លានដុល្លារ កើនឡើង ២៧ភាគរយ ។ ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Long បានកើនឡើង ៤៤ភាគរយ គឺបានដល់ ២,៦ ពាន់លានដុល្លារ។ លោក Anh ជាប់ក្នុងបញ្ជីជាលើកទីប្រាំមួយដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៧ ពាន់លានដុល្លារ កើនឡើង ១៣ភាគរយ។
ចំណែកលោក Quang និង លោក Duong ទាំងពីរមានទ្រព្យសម្បត្តិ ១,២ ពាន់លានដុល្លារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ពួកគេបានធ្លាក់ចុះ ៨ភាគរយ និង២០ភាគរយ ។
ទស្សនាវដ្តី Forbes បានវាយតម្លៃទ្រព្យសម្បត្តិ របស់ក្រុមមហាសេដ្ឋី ដោយផ្អែកលើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់គិតត្រឹមថ្ងៃទី ១០ ខែមីនា។
បញ្ជីនេះមានមហាសេដ្ឋីចំនួន ២.៧៨១ នាក់នៅទូទាំងពិភពលោក ក្នុងដោយ គឺមាន ១៤១នាក់ច្រើនជាងឆ្នាំមុន ជាមួយនឹងទ្រព្យសកម្មរួមបញ្ចូលគ្នា របស់ពួកគេនៅកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មានគឺ ១៤,២ ពាន់ពាន់លានដុល្លារ បើទោះបីជាអតិផរណា និងការប្រែប្រួលភូមិសាស្ត្រន យោបាយដោយសារទីផ្សារ ភាគហ៊ុនសកលដែលកំពុងកើនឡើងក៏ដោយ។
អ្នកមានបំផុតនៅលើភពផែនដីគឺលោក Bernard Arnault ប្រធាន និងជានាយកប្រតិបត្តិ LVMH ដែលមានទ្រព្យសម្បត្តិ ២៣៣ ពាន់លានដុល្លារ បន្ទាប់មក គឺនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ដែលមានទ្រព្យសម្បត្តិ ១៩៥ ពាន់លានដុល្លារ និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មាន ១៩៤ពាន់លានដុល្លារ៕
ប្រែសម្រួលៈ ណៃ តុលា