ព័ត៌មានអន្តរជាតិ

តុលាការព្រហ្មទណ្ឌ​ របស់ប្រទេសថៃ ចេញដីកាចាប់ខ្លួនអគ្គស្នងការរង នគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate

Thai Examiner

បរទេស៖ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួន អគ្គស្នងការរងនគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn បន្ទាប់ពីគេចចេញដីកា កោះហៅចំនួនបី ក្នុងសំណុំរឿងល្បែងស៊ីសងតាមអនឡាញ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការស៊ើបអង្កេត របស់មន្ត្រីប៉ូលីស ដែលពាក់ព័ន្ធនឹងគេហទំព័រល្បែងអនឡាញ BNKMaster ការប៉ុនប៉ងត្រូវបានធ្វើឡើង ដើម្បីកោះហៅលោក ឧត្តមសេនីយ៍ Surachate ដែលត្រូវបានគេស្គាល់ឈ្មោះ ហៅក្រៅថា ជា “Big Joke” ស្នងការរងនៃប៉ូលីសថៃ បន្ទាប់ពីទិន្នន័យប្រតិបត្តិការ ហិរញ្ញវត្ថុបានភ្ជាប់រូបលោក ទៅនឹងបណ្តាញខាងលើ។

ដីកាកោះហៅលើកទី៣ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ត្រូវបានចេញឱ្យលោក Surachat ទទួលស្គាល់ការចោទប្រកាន់នេះ។

ទោះយ៉ាងណា លោក Surachate មិនបានចេញ មុខផ្តល់សេចក្តីថ្លែងការណ៍ ឬទទួលស្គាល់ការចោទប្រកាន់នេះ ដល់ក្រុមស៊ើបអង្កេតតាមវិធីណាមួយឡើយ។

កាលពីថ្ងៃអង្គារ នៅតុលាការព្រហ្មទណ្ឌ លើផ្លូវ Ratchadaphisek ក្រុមអ្នកស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលមកពីប៉ូលីសក្រុងបាងកក បានបង្ហាញញត្តិ ចេញដីកាចាប់ខ្លួន លោក “Big Joke” ក្រោមការចោទប្រកាន់ ពីបទសមគំនិត ក្នុងការលាងលុយកខ្វក់ និងជាអ្នករួមគំនិត ក្នុងការលាងលុយកខ្វក់ តាមច្បាប់ប្រឆាំងការលាងលុយកខ្វក់។

ក្រុមអ្នកស៊ើបអង្កេត មកពីនាយកដ្ឋាន នគរបាលក្រុង ផ្នែក២ បានចោទប្រកាន់ថាលោក Surachat រួមជាមួយមន្ត្រីប៉ូលីស បីនាក់ផ្សេងទៀតនិងជនស៊ីវិលម្នាក់ គឺបានសហការគ្នា ដើម្បីលាងលុយសម្រាប់គេហទំព័រល្បែងអនឡាញ BNKMaster ដែលត្រូវបានបង្ក្រាបកាលពីឆ្នាំមុន។

ក្រោយពីតុលាការព្រហ្មទណ្ឌ បានចេញដីកាចាប់ខ្លួនប៉ូលីស៣នាក់ និងជនស៊ីវិលផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Torsak “Big Tor” Sukvimol បានជ្រើសរើសឲ្យកោះហៅលោក Surachate មកសួរចម្លើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top