បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានបញ្ជូនសំណើផ្លូវការ និងការអំពាវនាវ ពីសមាជិកសភាមួយក្រុម ទៅកាន់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងស៊ីប ដោយទាមទារឱ្យប្រទេស ទាំងនេះស៊ើបអង្កេតការវាយប្រហារ ភេរវកម្មនាពេលថ្មីៗ នេះលើប្រទេសរុស្ស៊ី។
ការស្នើសុំនេះធ្វើឡើងបន្ទាប់ពី មានការទាមទារពីតំណាងជាច្រើននៃរដ្ឋ Duma សម្រាប់ការស៊ើបអង្កេតលើការ ជាប់ពាក់ព័ន្ធដែលអាច កើតមានរបស់មនុស្ស និងអង្គការបរទេស ក្នុងការវាយប្រហារភេរវកម្ម ក៏ដូចជាការបំផ្លិចបំផ្លាញ នៃបំពង់បង្ហូរ Nord Stream ផងដែរ ។
ការិយាល័យអគ្គរដ្ឋអាជ្ញាបានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរនៃប្រទេសទាំងបួន នឹងអនុវត្តតាមសំណើរបស់ទីក្រុងម៉ូស្គូ និង បំពេញកាតព្វកិច្ច ដែលបានប្រគល់ឱ្យពួកគេ ក្រោមអនុសញ្ញាអន្តរជាតិមួយចំនួន ដែលរួមមានអនុសញ្ញា អន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ ហិរញ្ញប្បទានភេរវកម្មឆ្នាំ១៩៩៩ និងអនុសញ្ញាអន្តរជាតិ សម្រាប់ការបង្ក្រាបការបំផ្ទុះ គ្រាប់បែកភេរវកម្មឆ្នាំ១៩៩៧ជាដើម ។
គួរឲ្យដឹងដែរថាការិយាល័យនេះក៏កំពុងទាមទារឱ្យបណ្តាប្រទេសធ្វើការ ស៊ើបអង្កេតលើព័ត៌មានដែលបានផ្តល់ និងជួយក្នុងការទទួលបានភស្តុតាង ដើម្បីសម្រួលដល់ដំណើរការនីតិវិធី ក៏ដូចជាការធានាថា ឧក្រិដ្ឋកម្មត្រូវបានផ្តន្ទាទោស៕
ប្រែសម្រួល៖ស៊ុនលី