ព័ត៌មានអន្តរជាតិ

លោក Biden អនុម័តកញ្ចប់អាវុធ ជាគ្រាប់បែករាប់ពាន់គ្រាប់ទៀត ទៅឲ្យអ៊ីស្រាអែល

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តាមសេចក្តីរាយការណ៍ បានយល់ព្រមផ្តល់គ្រាប់បែកបន្ថែម រាប់ពាន់គ្រាប់ដល់អ៊ីស្រាអែល ដោយជួយបំពេញឃ្លាំងស្តុកទុកដែល ត្រូវបានបាត់បង់ដោយការទម្លាក់គ្រាប់បែក រយៈពេលប្រាំមួយខែរបស់រដ្ឋាភិបាល យេរូសាឡឹមនៅក្នុងតំបន់ហ្គាហ្សា។

ការផ្គត់ផ្គង់អាវុធចុងក្រោយបង្អស់នេះ ត្រូវបានអនុញ្ញាតកាលពីថ្ងៃចន្ទ និងត្រូវបានយកទៅចេញផ្សាយ ព្រោងព្រាតដោយទូរទស្សន៍ CNN និង Washington Post ផង។ ពួកគេបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិក ដែលមិនបញ្ចេញអត្តសញ្ញាណថា កញ្ចប់នោះរួមមានគ្រាប់បែក MK-82 ជាង១០០០ គ្រាប់ដែលមានទម្ងន់ ៥០០ផោនក្នុងមួយគ្រាប់ ក៏ដូចជាគ្រាប់បែកទំហំតូចជាង ១០០០ គ្រាប់ និងហ្វុយស៊ីបសម្រាប់គ្រាប់បែក MK-80 ផងដែរ។

ការសម្រេចចិត្តរបស់អាមេរិកនេះ ក៏ត្រូវបានគេមើលឃើញថាបានធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីមានព័ត៌មានលេចធ្លាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសម្លាប់បុគ្គលិកជំនួយចំនួនប្រាំពីរនាក់ រួមទាំងពលរដ្ឋអាមេរិក
និងចក្រភពអង់គ្លេស នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកសំដៅលើក្បួនរថយន្ត ជំនួយមនុស្សធម៌ នៅក្នុងតំបន់ជុំវិញប៉ាឡេស្ទីន ៕

ប្រែសម្រួល៖ស៊ុន លី

To Top