ម៉ូស្គូៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានរិះគន់ការលើកឡើងរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អំពីសក្តានុពល នៃការដាក់ពង្រាយកងទ័ពបារាំងទៅកាន់អ៊ុយក្រែនថា មិនអាចទទួលយកបាន ជាពិសេសចំពេលស្ថានការណ៍យោធា -នយោបាយតានតឹងនៅអឺរ៉ុប។
ក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀត លើសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី បារាំងនាពេលថ្មីៗនេះអំពីការបញ្ជូនបុគ្គលិកយោធា ដែលអាចធ្វើទៅបានពីប្រទេសសមាជិកសម្ព័ន្ធមិត្តទៅកាន់តំបន់ប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានលើកឡើងថា “សេចក្តីថ្លែងការណ៍ ទាំងនេះបង្ហាញពីការត្រៀមខ្លួន ដើម្បីដើរតាមមាគ៌ា នៃការកើនឡើងនៅក្នុងលក្ខខណ្ឌ នៅពេលដែលលោកខាងលិច ខ្លួនឯងកំពុងរងបរាជ័យ ជាយុទ្ធសាស្រ្តនៅលើដី”។
លោកបន្ដថា ការអួតបែបនេះមិនថាគោលដៅ នយោបាយបរទេសឬក្នុងស្រុក ដែលពួកគេបន្តគឺមិនអាចទទួលយកបានទេ សម្រាប់អ្នកនយោបាយ ដែលមានការទទួលខុសត្រូវ ជាពិសេសនៅក្នុង បរិបទនៃស្ថានការណ៍នយោបាយយោធាដែលតានតឹងរួចហើយនៅអឺរ៉ុប។
លោក Grushko ក៏បាន គូសបញ្ជាក់ដែរថា អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បានលើកឡើង ម្តងហើយ ម្តងទៀតថា សម្ព័ន្ធភាពមិននៅក្នុង សង្គ្រាមជាមួយរុស្ស៊ី និងមិនមែនជាភាគី នៃជម្លោះជុំវិញ អ៊ុយក្រែននោះទេ។
កាលពីខែកុម្ភៈ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រកាសពីផែនការ របស់សហភាពអឺរ៉ុប សម្រាប់សម្ព័ន្ធថ្មីមួយ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែននូវកាំជ្រួចរយៈចម្ងាយឆ្ងាយ ហើយបានពិភាក្សាដោយគ្មានការឯកភាពគ្នា ការដាក់ពង្រាយកងទ័ព ដែលមានសក្តានុពលដោយថា ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា ៕
ប្រែសម្រួល ឈូក បូរ៉ា