វ៉ាស៊ីនតោន ៖ អ្នកជំនាញគោលនយោបាយ ដ៏មានឥទ្ធិពល របស់សហរដ្ឋអាមេរិក បានបង្ហាញសំណុំនៃសំណើ ដើម្បីកសាងភាពជាដៃគូ “សមាហរណកម្មបន្ថែមទៀត” រវាងអាមេរិក និង ប្រទេសជប៉ុន ចំពេលបរិយាកាស សន្តិសុខដ៏លំបាក ជាមួយនឹងសសរស្តម្ភ សំខាន់មួយគឺការផ្លាស់ប្តូរ នៃបញ្ជាការគ្រប់គ្រងស្ថាបត្យកម្ម របស់សម្ព័ន្ធមិត្ត ដែលមានអាយុកាលរាប់ទសវត្សរ៍។
របាយការណ៍ ដែលចេញផ្សាយដោយក្រុមនេះ ដែលដឹកនាំ ដោយអតីតអនុរដ្ឋលេខាធិការ Richard Armitage និងលោក Joseph Nye អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ បានគូសបញ្ជាក់ថា ទាំងតួនាទីរបស់ជប៉ុន នៅក្នុងសហគមន៍អន្តរជាតិ និងសម្ព័ន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក កាន់តែសំខាន់ជាងពេលណាៗ ទាំងអស់។
ដោយលើកឡើង ពីការកើនឡើងវត្តមានរបស់ចិននៅទូទាំងអាស៊ី និងលើសពីនេះ ដំណើរស្វែងរកឥតឈប់ឈររបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឱ្យភាពតានតឹងឡើងវិញនៅមជ្ឈិមបូព៌ា អ្នកនិពន្ធបានអះអាងថា ពិភពលោកពេលនេះ គឺ “បែកបាក់ជាងពេលណាៗទាំងអស់ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។
នៅក្រោមកាលៈទេសៈបែបនេះ ពួកគេបាន ស្នើឱ្យសហរដ្ឋអាមេរិក និងជប៉ុន “បោះជំហានបន្ទាប់” ដើម្បីធ្វើការឆ្ពោះទៅរក “សម្ព័ន្ធភាពដែលរួមបញ្ចូលគ្នា កាន់តែច្រើន ចាប់ពីការធ្វើ ផែនការ និងប្រតិបត្តិការយោធា ដល់ការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ រួមទាំងការសម្របសម្រួល គោលនយោបាយឧស្សាហកម្ម និងការលើកកម្ពស់ការផ្គត់ផ្គង់សុវត្ថិភាព”។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ពួកគេបាននិយាយថា សហរដ្ឋអាមេរិក គួរតែធ្វើឱ្យប្រសើរឡើង នូវភាពជាអ្នកដឹកនាំ នៃកងកម្លាំងរបស់ខ្លួននៅក្នុង ប្រទេសជប៉ុនដោយ “បង្កើតបញ្ជាការប្រតិបត្តិការរួមផ្កាយ ៣ ឬ ៤ ឈរនៅក្រោមបង្គាប់បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ជាមួយនឹងបុគ្គលិកដ៏រឹងមាំ និង អាជ្ញាធររៀបចំផែនការ និងអនុវត្តសមយុទ្ធ និងប្រតិបត្តិការទ្វេភាគី”។
ក្រុមដែលស្ថិតក្រោមមជ្ឈមណ្ឌល មិនស្វែងរកប្រាក់ចំណេញ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹងថា ប្រទេសទាំងពីរគួរតែបង្កើត ការិយាល័យទ្វេភាគីមួយ ដើម្បីជួយដល់ការសម្របសម្រួលកាន់តែជិតស្និទ្ធ និងកាត់បន្ថយការជាប់គ្នា រវាងរចនាសម្ព័ន្ធនៃកងកម្លាំង ដែលនឹងរក្សាខ្សែសង្វាក់ បញ្ជាដាច់ដោយឡែក ៕
ប្រែសម្រួល ឈូក បូរ៉ា