ព័ត៌មានអន្តរជាតិ

ក្រុមឈ្មួញ ប្រើប្រាស់វិធីសាស្រ្តថ្មី ដោយដាក់ឧបករណ៍ GPS ភ្ជាប់ជាមួយគ្រឿងញៀន រួចបោះចូលសមុទ្រ

VN Express

បរទេស៖ ប៉ូលិសបាននិយាយថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់វិធីសាស្រ្តថ្មី ក្នុងការដឹកជញ្ជូនគ្រឿងញៀន រួមទាំងការបោះគ្រឿងញៀន ចូលទៅក្នុងសមុទ្រជាមួយនឹង ឧបករណ៍តាមដាន GPS ហើយក្រោយមក បានប្រមូលគ្រឿងញៀនទាំងនោះវិញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ង្វៀន ងុកកាង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា វិធីសាស្ត្រថ្មីនេះ គឺជាមូលហេតុដែលសមាជិកសាធារណៈ និងអាជ្ញាធរតែងតែស្វែងរកគ្រឿងញៀន ដែលភាគច្រើនជាកូកាអ៊ីន បោកបក់នៅតាមឆ្នេរនានានៅភាគកណ្តាល និងភាគខាងត្បូងប្រទេស វៀតណាម អស់រយៈពេលជាច្រើនខែមកហើយ ។

កាលពីប្រាំមួយថ្ងៃមុន អាជ្ញាធរវៀតណាម បានរកឃើញថ្នាំញៀន ២៨គីឡូក្រាមអណ្តែតនៅឆ្នេរ Go Cong ក្នុងខេត្ត គៀនយ៉ាង ។ ការឆែកឆេរបន្ថែមទៀតចាប់បានទម្ងន់២៤គីឡូក្រាមទៀត។ កាលពីខែមករា ថ្នាំញៀនប្រមាណ ៣០០កញ្ចប់ ត្រូវបានគេរកឃើញរសាត់តាមឆ្នេរក្នុងខេត្ត Quang Ngai។

លោក កាង បាននិយាយថា មនុស្សជាច្រើនដែលរកឃើញគ្រឿងញៀនបានប្រគល់គ្រឿងញៀនទាំងនោះទៅឱ្យអាជ្ញាធរ ប៉ុន្តែអ្នកខ្លះរក្សាវាដោយសារតែភាពល្ងង់ខ្លៅ ឬលោភលន់។

លោកបានបន្ថែមថា ប្រជាពលរដ្ឋគួររាយការណ៍ទៅអាជ្ញាធររាល់ពេលពួកគេរកឃើញថ្នាំញៀន។ គ្រឿងញៀនក៏ត្រូវបានដឹកតាមច្រកកំពង់ផែផងដែរ ដែលលាក់ក្នុងទំនិញ។

ឧក្រិដ្ឋជនប្រើទូក ដែលក្លែងធ្វើជាទូកសាទ ដើម្បីគាំទ្រអ្នកសមគំនិត និងគេចពីអាជ្ញាធរ ។ ការប្រើប្រាស់ ឧបករណ៍តាមដាន GPS ដើម្បីដឹកជញ្ជូនគ្រឿងញៀន ដោយបោះគ្រឿងញៀនចូលទៅក្នុងសមុទ្រ គឺជាវិធីសាស្រ្តដែលគេឃើញ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
កាលពីខែកក្កដា ឆ្នាំមុន ប៉ូលិសអៀរឡង់បានរឹបអូសបានកូកាអ៊ីនពីរថង់មានទម្ងន់៣០គីឡូក្រាម ដែលបានបោកបក់នៅឆ្នេរ Donegal។ អាជ្ញាធរបាននិយាយថា ឧក្រិដ្ឋជនបានភ្ជាប់ថង់ដាក់ធុងជាមួយនឹងអ្នកតាមដាន ដោយរង់ចាំនាវាមកទទួល៕
ប្រែសម្រួលៈ ណៃ តុលា

To Top