ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចាប់​ខ្លួន​ជន​សង្ស័យ ៣​នាក់​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ ​វាយ​ប្រហារ​ភេរវកម្ម​នៅទីក្រុង​ម៉ូស្គូ

AFP
" "

ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃុំខ្លួនមនុស្ស ៣នាក់បន្ថែមទៀត ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅសាលប្រគុំតន្ត្រីដ៏សាហាវ នៅជាយក្រុងនៃទីក្រុងមូស្គូ។

FSB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ទីក្រុង Yekaterinburg និង Omsk របស់រុស្ស៊ី។ ពួកគេរួមមានពលរដ្ឋរុស្ស៊ីម្នាក់ និងពលរដ្ឋបរទេសពីរនាក់មកពីអាស៊ីកណ្តាល។

" "

ប្រភពបានឲ្យដឹងថា ជនជាប់ឃុំពីរនាក់បានផ្ទេរប្រាក់ សម្រាប់ការទិញអាវុធ និងរថយន្ត ដែលប្រើក្នុងការវាយប្រហារភេរវកម្ម ខណៈអ្នកទីបី បានជ្រើសរើសអ្នកសមគំនិត សម្រាប់ការវាយប្រហារ និងផ្តល់ហិរញ្ញប្បទានដល់ជនល្មើស។

" "

ការបាញ់ប្រហារមួយបានកើតឡើង កាលពីថ្ងៃទី២២ ខែមីនា នៅកន្លែងប្រគុំតន្ត្រី Crocus City Hall ភាគពាយ័ព្យនៃទីក្រុងមូស្គូ បន្ទាប់មកមានអគ្គីភ័យដ៏ធំមួយ។ ស្ថិតិផ្លូវការបានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ១៤៤នាក់បានស្លាប់ និង ៥៥១នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top