បរទេស៖ សេវាសារព័ត៌មានរបស់រដ្ឋាភិបាល ក្នុងតំបន់បានរាយការណ៍ថា ផ្ទះជាង ២.៥០០ខ្នង ត្រូវបានជន់លិចនៅក្នុងតំបន់ Orenburg របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេស កាហ្សាក់ស្ថាន បន្ទាប់ពីមានការបាក់ទំនប់ទឹក នៅទីក្រុងOrsk ដែលសម្បូរភ្នំ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មនុស្សជាង ៤.០០០ នាក់ ត្រូវបានជម្លៀសចេញ ពីតំបន់គ្រោះបន្ទាន់ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Telegram ។
បើតាមក្រសួងស្ថានការណ៍ គ្រាអាសន្នរបស់រុស្ស៊ី (EMERCOM) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា នៅទីក្រុង Orsk ជាកន្លែង ដែលបាក់ទំនប់បានកើតឡើង ផ្ទះប្រហែល ៦០០ខ្នង ត្រូវបានជន់លិច។
បន្ទាប់ពីទឹកទន្លេ Ural បានកើនឡើង ដល់កម្រិតគ្រោះថ្នាក់ ដោយសារទឹកកករលាយ ភាពអាសន្ន គឺត្រូវបានប្រកាស នៅទូទាំងតំបន់ទាំងមូល កាលពីថ្ងៃសុក្រ ។
ទន្លេ Ural ជាធម្មតាគឺជន់ជោរក្នុងរដូវផ្ការីក ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពកើនឡើងយ៉ាងគំហុក បណ្តាលឱ្យទន្លេនៅជិតទីក្រុង Orsk កើនឡើងខ្ពស់ជាងធម្មតាជិតមួយម៉ែត្រ ។
ទឹកទន្លេបានកើនឡើង ដែលជាធម្មតាបង្វែរខ្សែទឹកចេញពីទីក្រុង ហើយបានចាប់ផ្តើមជន់លិច សង្កាត់ចាស់របស់ទីក្រុង Orsk កាលពីល្ងាចថ្ងៃសុក្រ។ ការលេចធ្លាយចំនួនពីរ ត្រូវបានគេរកឃើញនៅក្នុងទំនប់ ជាច្រើនម៉ោងមុនពេលការ បាក់ធ្លាយបានកើតឡើង។ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សជិត ១១.០០០ នាក់ អាចស្ថិតនៅក្នុងតំបន់ទឹកជំនន់ ហើយផ្ទះរហូតដល់ ៤.២០០ខ្នង អាចរងផលប៉ះពាល់៕
ប្រែសម្រួលៈ ណៃ តុលា