ព័ត៌មានអន្តរជាតិ

អាមេរិក និងចិន បើកកិច្ចពិភាក្សា ដោយផ្ទាល់និងច្បាស់ៗ កម្រិតយោធា

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មន្ត្រីការពារជាតិអាមេរិក និងចិនបានជួបប្រជុំគ្នានៅរដ្ឋហាវ៉ៃក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរបៀប ដែលកងនាវា របស់ប្រទេសទាំងពីរ អាចប្រតិបត្តិការដោយសុវត្ថិភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយជំនួប​នេះត្រូវបានគេមើលឃើញថា ​ជា​ជំនួប​លើក​ដំបូង​ចាប់​តាំង​ពី​ក្រុង​ប៉េកាំង​បាន​ផ្តាច់​ទំនាក់ទំនង​យោធា​ជាមួយ​ក្រុង​ វ៉ាស៊ីនតោន ​កាលពី​២​ឆ្នាំ​មុន។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា កិច្ចពិភាក្សាក្រុមការងារ នៃកិច្ចព្រមព្រៀង ស្តីពីដែនសមុទ្រ យោធា (MMCA) ត្រូវបានធ្វើឡើង នៅទីក្រុង Honolulu កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីចំនួន ១៨នាក់ មកពីកងទ័ពរំដោះប្រជាជនចិន (PLA) បានចូលរួមក៏ដូចជាតំណាង នៃបញ្ជាការ ឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក កងនាវាចរប៉ាស៊ីហ្វិកអាមេរិក និងកងកម្លាំងទ័ពអាកាសអាមេរិកប៉ាស៊ីហ្វិក ។

ប្រធានគណៈប្រតិភូអាមេរិក លោក Col. Ian Francis បាននិយាយថា MMCA គឺជាមធ្យោបាយចម្បងរបស់បញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពិភាក្សាដោយផ្ទាល់ អំពីសុវត្ថិភាព ប្រតិបត្តិការ ដែនអាកាស និងដែនសមុទ្រជាមួយ PLA ហើយការទំនាក់ទំនងបើកចំហ ដោយផ្ទាល់ និងច្បាស់លាស់ជាមួយ PLAនិងជាមួយកងកម្លាំងយោធាផ្សេងទៀត ទាំងអស់នៅក្នុងតំបន់ពិតជាមាន
សារៈសំខាន់បំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ និងការទំនាក់ទំនងខុស។

គួរឲ្យដឹងដែរថាMMCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ហើយបានជួបប្រជុំគ្នាជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២១ដែលនៅឆ្នាំបន្ទាប់ ទីក្រុងប៉េកាំងបានផ្តាច់ទំនាក់ទំនងយោធា ទៅក្រុងវ៉ាស៊ីនតោន ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ចរបស់ប្រធានសភា អាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top