ព័ត៌មានអន្តរជាតិ

ទាហាន​អ៊ីស្រាអែល ដក​ខ្លួន​ចេញ​ ពី​តំបន់​ហ្គាហ្សា ដើម្បី​រៀបចំ​ប្រតិបត្តិការ​ នៅទីក្រុងរ៉ាហ្វា

Xinhua

យេរ៉ូសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែល ត្រូវបានដកចេញពីភាគ ខាងត្បូង តំបន់ហ្គាហ្សា ដើម្បីត្រៀម សម្រាប់ប្រតិបត្តិការ ដែលអាចកើតមាននៅទីក្រុងរ៉ាហ្វា ។

កងកម្លាំងបានចាកចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យកំពុងរៀបចំ សម្រាប់ “បេសកកម្មតាមដាន” លោក Gallant បានឲ្យដឹងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅឯបញ្ជាការភាគខាងត្បូងនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដោយបន្ថែមថា “យើងបានឃើញ ឧទាហរណ៍ នៃបេសកកម្មបែបនេះនៅក្នុងមន្ទីរពេទ្យ Shifa ហើយនឹងមើលបេសកកម្ម បែបនេះនៅក្នុងតំបន់រ៉ាហ្វា។

អ៊ីស្រាអែល បានដកទ័ពជើងគោកទាំងអស់ ចេញពីតំបន់ហ្គាហ្សា ភាគខាងត្បូង លើកលែងតែកងពលតូច Nahal Brigade ដែលនៅកណ្តាលហ្គាហ្សា ដោយបំបែក ស្ទ្រីបជាពីរ និង ការពារការវិលត្រឡប់ របស់ជនស៊ីវិល ពីភាគខាងត្បូង ទៅខាងជើងនៃហ្គាហ្សា ។

ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃអាទិត្យ អគ្គសេនាធិការ IDF លោក Herzi Halevi បានប្រាប់សន្និសីទសារព័ត៌មានថា ប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស គឺនៅឆ្ងាយពីទីបញ្ចប់ ទោះបីជាមានការដកទាហានចេញក៏ដោយ។

លោកបានប្តេជ្ញាថា “មន្រ្តីជាន់ខ្ពស់របស់ហាម៉ាស នៅតែលាក់ខ្លួន យើងនឹងទៅដល់ពួកគេឆាប់ៗនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Halevi ក៏បានឲ្យដឹងផងដែរថា IDF ត្រូវបានរៀបចំយ៉ាងល្អ នៅលើរណសិរ្ស ជាច្រើនប្រឆាំងនឹងអ៊ីរ៉ង់ និងតំណាងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការសងសឹក ដ៏មានសក្តានុពល បន្ទាប់ពីការវាយប្រហារ លើអគារស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងរដ្ឋធានីស៊ីរី កាលពីដើមសប្តាហ៍នេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top