ព័ត៌មានអន្តរជាតិ

អូស្ត្រាលី តែងតាំង​ទីប្រឹក្សា​ពិសេស​ ស៊ើបអង្កេត​ ការ​វាយប្រហារ​ តាម​អាកាស ​របស់​អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

AFP

កង់បេរ៉ា ៖ អតីតប្រធានកងកម្លាំង ការពារអូស្ត្រាលី (ADF) ត្រូវបានតែងតាំង ជាទីប្រឹក្សាពិសេសរបស់ប្រទេស ស្តីពីការឆ្លើយតប របស់អ៊ីស្រាអែល ចំពោះការវាយប្រហារ ដែលបានសម្លាប់បុគ្គលិកជំនួយ នៅក្នុងតំបន់ហ្គាហ្សា។

លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការ បរទេសអូស្ត្រាលី នៅថ្ងៃចន្ទនេះបានប្រកាសថា នាយសេនាធិការអាកាស ចូលនិវត្តន៍ (ACM) Mark Binskin នឹងត្រួតពិនិត្យការស៊ើបអង្កេត ជាផ្លូវការលើការវាយប្រហារ ដែលបានសម្លាប់បុគ្គលិក World Central Kitchen (WCK) ចំនួន ៧នាក់នៅតំបន់ហ្គាហ្សា។

ពលរដ្ឋអូស្ត្រាលី Zomi Frankcom ស្ថិតក្នុងចំណោម បុគ្គលិកមនុស្សធម៌ WCK ដែលត្រូវបានសម្លាប់នៅ ពេលដែលក្បួនរថយន្ត ដែលពួកគេកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារ ដោយការ វាយប្រហារតាមអាកាស របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅកណ្តាលហ្គាហ្សាកាលពីថ្ងៃទី០១ ខែមេសា។

លោកស្រី Wong បានឲ្យដឹងថាលោក Binskin មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីផ្តល់យោបល់ ដល់រដ្ឋាភិបាល អំពីភាពគ្រប់គ្រាន់ និងភាពសមស្របនៃជំហាន ដែលធ្វើឡើងដោយអ៊ីស្រាអែល និងលើសកម្មភាពបន្ថែមទៀត ដែលអាចត្រូវបានយក ទៅទទួលខុសត្រូវ ចំពោះអ្នកទទួលខុសត្រូវ។

ACM Binskin នឹងចូលរួមជាមួយអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែល លើការឆ្លើយតបទៅនឹងការវាយប្រហារ ដែលបានសម្លាប់ លោកស្រី Zomi និងសហការីរបស់លោកស្រី។ លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអូស្ត្រាលី បានបញ្ជាក់យ៉ាងច្បាស់ ចំពោះរដ្ឋាភិបាលអ៊ីស្រាអែល នូវការរំពឹងទុក និងការជឿជាក់របស់យើងថា ការចូលរួមនេះនឹងត្រូវ បានសម្របសម្រួល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top