ព័ត៌មានអន្តរជាតិ

ចិន បង្ហាញក្តីបារម្ភដល់អាមេរិក ជុំវិញការដាក់ទណ្ឌកម្ម ពន្ធគយ និងការដាក់កំហិតលើការវិនិយោគ

Xinhua

ប៉េកាំង៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះ ភាគីសហរដ្ឋអាមេរិក អំពីការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ពន្ធគយលើទំនិញរបស់ចិន និងការរឹតបន្តឹងលើការវិនិយោគ នៅក្នុងប្រទេសចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទង នឹងដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Liao Min បានឲ្យដឹងថា សកម្មភាពបែបនេះរបស់ សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងប្រជាជនចិន ហើយក៏មិនអំណោយផលដល់ សុខុមាលភាពរបស់ក្រុមហ៊ុនផងដែរ ក៏ដូចជាក្រុមហ៊ុន និងប្រជាជនអាមេរិកផងដែរ។

លោក Liao បានលើកឡើងថា “ប្រទេសចិនស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិកដែលថា ខ្លួនមិនស្វែងរកការផ្តាច់ចេញពីប្រទេសចិន ហើយសង្ឃឹមថាភាគីសហរដ្ឋអាមេរិក នឹងចាត់វិធានការជាក់ស្តែង ដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងលើក្រុមហ៊ុនចិន” ។

លោកបន្ដថា “ភាគីទាំងពីរជឿថា គ្រប់ប្រទេសទាំងអស់មាន តម្រូវការស្របច្បាប់ ដើម្បីការពារសន្តិសុខជាតិ ប៉ុន្តែប្រទេសចិន បានសង្កត់ធ្ងន់ថា គំនិតនៃ “សន្តិសុខជាតិ” មិនគួរត្រូវបាននិយាយជាទូទៅនោះទេ ហើយអ្វីដែលហៅថា “ការធ្វើពិពិធកម្ម” មិនគួរត្រូវបានប្រើប្រាស់ជាលេស ដើម្បីធ្វើឱ្យខូចដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគធម្មតារវាងប្រទេសទាំងពីរ និងជុំវិញពិភពលោក ក៏ដូចជាស្ថិរភាពនៃសង្វាក់ផលិតកម្មឧស្សាហកម្ម និងការផ្គត់ផ្គង់”។

លោកបានកត់សម្គាល់ថា បន្ថែមពីលើបញ្ហាទាំងនេះ ការពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិកលោកស្រី Yellen ក៏បានគ្របដណ្តប់លើប្រធានបទសំខាន់ៗផ្សេងទៀត រួមទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរកង្វល់ទៅវិញទៅមក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top