ព័ត៌មានអន្តរជាតិ

អាមេរិក អូស្ត្រាលី និងអង់គ្លេស ពិចារណាធ្វើកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាការពារជាតិជាមួយជប៉ុន

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃក្រុម Quad បានឲ្យដឹងថា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកំពុងពិចារណា ធ្វើការជាមួយប្រទេសជប៉ុនលើ ការអភិវឌ្ឍន៍រួមគ្នានៃបច្ចេកវិទ្យាការពារជាតិ កម្រិតខ្ពស់តាមរយៈភាពជាដៃគូ សន្តិសុខត្រីភាគីរបស់ពួកគេ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការពង្រីក យោធារបស់ប្រទេសចិន។

សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយប្រមុខការពារជាតិ នៃប្រទេសទាំងបីបានឲ្យដឹងថា “ការទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារទ្វេភាគី ដ៏ជិតស្និទ្ធជាមួយប្រទេសទាំងបី យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន លើគម្រោងសមត្ថភាពកម្រិតខ្ពស់ AUKUS Pillar II” ។

សសរស្តម្ភទីពីរនៃភាពជាដៃគូបីផ្លូវ ដែលគេស្គាល់ថា AUKUS គឺផ្តោតលើកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា អាវុធលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច។

ខណៈពេលដែលភាពជាដៃគូ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ មិនមានគម្រោងស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន ឬប្រទេសណាមួយផ្សេងទៀត នៅលើសសរស្តម្ភដំបូងរបស់ខ្លួន ក្នុងគោលបំណងបញ្ជូននាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ទៅកាន់ទីក្រុងកង់បេរ៉ា មន្ត្រីមួយចំនួនបាននឹងកំពុង ជំរុញឱ្យរួមបញ្ចូលទីក្រុងតូក្យូនៅក្នុងគម្រោង សម្រាប់សសរស្តម្ភផ្សេងទៀត។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុងកង់បេរ៉ា នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា គ្មានសំណើណាមួយត្រូវបានធ្វើឡើង ដើម្បីពង្រីកសមាជិកភាពរបស់ AUKUS នោះទេ ប៉ុន្តែប្រទេសជប៉ុន គឺជា “បេក្ខជន” ដើម្បីជាផ្នែកមួយនៃសសរស្តម្ភទីពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top