បរទេស៖ ប្រទេសអាល្លឺម៉ង់បានបញ្ជូន ក្រុមយោធាឈានមុខទៅកាន់ ប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃផែនការ សម្រាប់កងពលតូចពាសដែកពេញកម្លាំង ដែលឈរជើងជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋបាល់ទិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ទីក្រុងមូស្គូបានពិពណ៌នាបេសកកម្មនេះថា ជាការគំរាមកំហែងដែលតម្រូវឱ្យមាន “វិធានការពិសេស” ជាការឆ្លើយតប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ស្ថិតក្នុងចំណោមអ្នកដែលទៅ មើលសមាជិកសេវាកម្មយោធា និងបុគ្គលិកស៊ីវិលចំនួន ២១ នាក់ ដែលបានចាកចេញកាលពីថ្ងៃចន្ទ ពីទីក្រុងប៊ែរឡាំង ទៅកាន់ទីក្រុងវីលនីស។ រដ្ឋមន្ត្រីបានសរសើរការដាក់ពង្រាយកងទ័ព Bundeswehr ថាជា “សញ្ញាច្បាស់លាស់នៃសាមគ្គីភាព” ជាមួយសមាជិកណាតូរបស់ប្រទេសអាល្លឺម៉ង់។
កងពលតូច Lithuanian Brigade ឬ Panzerbrigade 45 ត្រូវបានកំណត់ដើម្បីរួមបញ្ចូលទាហានប្រហែល ៤.៨០០នាក់ និងបុគ្គលិកស៊ីវិល ២០០នាក់ នៅពេលវាដំណើរការពេញលេញនៅឆ្នាំ ២០២៧។ វានឹងត្រូវរៀបចំនៅទីលានហ្វឹកហាត់ Rudninkai នៅភាគអាគ្នេយ៍នៃប្រទេស ក៏ដូចជានៅជិតទីក្រុង Rukla ផងដែរ។ ទាហានអាល្លឺម៉ង់មួយចំនួននឹងស្ថិតនៅចម្ងាយតែ ២០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តសំខាន់របស់រុស្ស៊ី។ ប្រទេសលីទុយអានីក៏មានព្រំប្រទល់ជាប់នឹងតំបន់ Kaliningrad របស់រុស្ស៊ីផងដែរ។
ប្រទេសលីទុយអានី ដែលអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់ដាក់កងទ័ពបរទេស បានពណ៌នាការដាក់ពង្រាយរបស់អាល្លឺម៉ង់ថា ជាប្រវត្តិសាស្ត្រ។ ការមកដល់នៃក្រុមឈានមុខរយៈពេល ៤ ខែបន្ទាប់ពីផែនទីបង្ហាញផ្លូវសម្រាប់បេសកកម្ម អចិន្ត្រៃយ៍ត្រូវបានចុះហត្ថលេខា “ទំព័រថ្មីនៃភាពជាដៃគូលីទុយអានី – អាល្លឺម៉ង់ កាន់តែស៊ីជម្រៅ” ។ នេះបើតាមអ្វីដែលរដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Laurynas Kasciunas បានប្រកាសនៅពេលលោកស្វាគមន៍កងទ័ព។
រដ្ឋាភិបាលទីក្រុង Vilnius បានចាត់ទុកកងកម្លាំងអាឡឺម៉ង់ថាជាការរារាំងប្រឆាំងនឹងរុស្ស៊ី ទោះបីជាទីក្រុងមូស្គូយល់ថា វាជាភស្តុតាងបន្ថែមទៀតដែលថាអង្គការណាតូកំពុងរំលោភបំពានលើព្រំដែនរបស់ខ្លួនក៏ដោយ។
ទីក្រុងមូស្គូបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីការមិនអើពើនឹងការព្រួយបារម្ភរបស់ខ្លួន លើការពង្រីកអង្គការណាតូនៅក្នុងទ្វីបអឺរ៉ុប ដែលត្រូវបានធ្វើឡើងដោយរំលោភ លើការសន្យាដែលបានធ្វើឡើង ចំពោះថ្នាក់ដឹកនាំសូវៀតនៅពេលដែលខ្លួន យល់ព្រមចំពោះការបង្រួបបង្រួម អាល្លឺម៉ង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០៕
ប្រែសម្រួលៈ ណៃ តុលា