ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារ ជាមួយលោកLavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី

កាលពីថ្ងៃទី៩ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោកLavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ប្រទេសចិនគាំទ្រ ប្រជាជនរុស្ស៊ី ដើរតាមផ្លូវអភិវឌ្ឍន៍ ដែលស្របតាមស្ថានការណ៍ជាតិ របស់រុស្ស៊ី គាំទ្រប្រទេស រុស្ស៊ី វាយបង្ក្រាបភេរវកម្មនិយម និង គាំពារសន្តិសុខ និងស្ថិរភាពសង្គម ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ជាប់រហូត ចំពោះការអភិវឌ្ឍ ទំនាក់ទំនង រវាងចិននិងរុស្ស៊ី រីករាយរួម ជាមួយប្រទេសរុស្ស៊ី ក្នុងការធ្វើឱ្យការប្រាស្រ័យទាក់ទងទ្វេភាគីមានភាពជិតស្និទ្ធ បង្កើនកិច្ចសហការជាយុទ្ធសាស្រ្ត ពហុភាគីដូចជាយន្តការប្រទេសBRICS និង អង្គការសហប្រតិបត្តិការសៀងហៃជាដើម ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

ជាការឆ្លើយតប លោកLavrov បានថ្លែងថា គោលការណ៍ណែនាំជាអាទិភាព នៃគោលនយោបាយចំពោះបរទេសរបស់ប្រទេសរុស្ស៊ី គឺពង្រឹងនិងលើកកម្ពស់ ដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនង ជាមួយប្រទេសចិន ។
ប្រទេសរុស្ស៊ីរីករាយរួមជាមួយប្រទេសចិន ក្នុងការអនុវត្តដោយយកចិត្តទុកដាក់នូវគំនិតឯកភាព រួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេភាគីនិង ពហុភាគី ព្រមទាំងធ្វើការជាមួយប្រទេស “សកលខាងត្បូង”ផ្សេងទៀត ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការជំរុញការបង្កើត សណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែមានសមភាពនិងយុត្តិធម៌ ៕

To Top