បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាទំនាក់ទំងអាជីវកម្ម ដោយឆ្លើយតបទៅនឹងការគំរាមកំហែងដោយលាក់បាំងដោយអ្នកការទូតជាន់ខ្ពស់អាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃអង្គារថា ការជឿនលឿនរបស់រុស្ស៊ីបន្ថែមទៀតនៅក្នុងអ៊ុយក្រែននឹង “ជះឥទ្ធិពល” លើទំនាក់ទំនងអាមេរិក-ចិន។
លោកស្រី Mao Ning បាននិយាយនៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Campbell នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ដោយថា ចិននឹងមិនទទួលយកការចោទប្រកាន់ និងការគាបសង្កត់នោះទេ។ លោកស្រីថា “ចិន និងរុស្ស៊ីមានសិទ្ធិអនុវត្តកិច្ចសហប្រតិបត្តិការធម្មតា។ កិច្ចសហប្រតិបត្តិការបែបនេះមិនគួរស្ថិតនៅក្រោមការជ្រៀតជ្រែកពីខាងក្រៅ ឬឧបសគ្គនោះទេ” ។
ថ្លែងទៅកាន់គណៈកម្មាធិការជាតិមិនរកប្រាក់ចំណេញស្តីពីទំនាក់ទំនងអាមេរិក-ចិន លោក Campbell ដែលទើបចូលកាន់ដំណែងបន្តពីលោកស្រី Victoria Nuland បាននិយាយថា ការកើនឡើងរបស់រុស្ស៊ីនាពេលថ្មីៗនេះអាច “ផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅអឺរ៉ុបតាមវិធីដែល មិនអាចទទួលយកបាន” ចំពោះទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា