ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន។
លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា “យើងជំរុញឱ្យភាគី សហរដ្ឋអាមេរិក គោរពតាមគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំងបី ជាមួយនឹងសកម្មភាពជាក់ស្តែង” ។
លោក Zhu បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៃការិយាល័យខណៈពេល ដែលឆ្លើយតប ទៅនឹងការសាកសួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទង នឹងការកត់សម្គាល់ ដែលបានធ្វើឡើងនាពេលថ្មីៗនេះដោយ Laura Rosenberger ប្រធានក្រុមប្រឹក្សាភិបាលនៃ “វិទ្យាស្ថានអាមេរិក នៅតៃវ៉ាន់” ។
លោក Zhu បានលើកឡើងថា គោលការណ៍ចិនតែមួយ គឺជាមូលដ្ឋាននយោបាយ និងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងអភិវឌ្ឍទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក។
លោកបន្ដថា “ច្បាប់ទំនាក់ទំនង តៃវ៉ាន់” និង “ការធានា៦” របស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ ដែលជាបទប្បញ្ញត្តិ នៃសេចក្តីថ្លែងការណ៍រួមចិន- អាមេរិកទាំង៣ និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ង រនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយហៅពួកគេថា “ខុសទាំងស្រុង ខុសច្បាប់ និងមិនត្រឹមត្រូវ” ៕
ប្រែសម្រួល ឈូក បូរ៉ា