ព័ត៌មានអន្តរជាតិ

Update៖ ស្វីស នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ស្វែងរកសន្តិភាពកម្រិតខ្ពស់ សម្រាប់អ៊ុយក្រែន នៅពាក់កណ្តាលខែមិថុនា

AFP

ហ្សឺណែវ៖ ប្រទេសស្វីស បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទស្វែងសន្តិភាពកម្រិតខ្ពស់ សម្រាប់អ៊ុយក្រែននៅពាក់កណ្តាលខែមិថុនា ទោះបីជាប្រទេសរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចូលរួមក៏ដោយ ។

រមណីយដ្ឋាន Burgenstock នៅមាត់បឹងនៅជិត Lucerne ត្រូវបានកំណត់ជាកន្លែងសម្រាប់កិច្ចប្រជុំ ដែលបានគ្រោងទុកនៅថ្ងៃទី១៥ ដល់១៦ខែមិថុនា ជាកន្លែងដែលមន្ត្រីរដ្ឋាភិបាល មកពីប្រទេសផ្សេងៗត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នា ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងដោយប្រធានសហព័ន្ធស្វីស លោក Viola Amherd គឺជាលទ្ធផលនៃសំណើដែលធ្វើឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេសស្វីសលោក Ignazio Cassis នៅក្នុងប៉ុន្មានខែកន្លងមកនេះ ។

ក្រុមប្រឹក្សាសហព័ន្ធរបស់ប្រទេសស្វីស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បច្ចុប្បន្នមានការគាំទ្រពីអន្តរជាតិ គ្រប់គ្រាន់សម្រាប់សន្និសីទកម្រិតខ្ពស់ មួយដើម្បីចាប់ផ្តើមដំណើរការសន្តិភាព” ។

អាជ្ញាធររុស្ស៊ី បានអះអាងថា ពួកគេនឹងមិនចូលរួមក្នុងការពិភាក្សា នៅប្រទេសស្វីសនេះទេ ព្រោះពួកគេជឿថា ប្រទេសនេះបានបោះបង់ចោលជំហរ អព្យាក្រឹតរបស់ខ្លួនចំពោះជម្លោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top