ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងអាមេរិក ច្រានចោលរាល់ប្រតិបត្តិការ ជើងគោករបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

EPA

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានច្រានចោលនូវប្រតិបត្តិការយោធាជើងគោកណាមួយរបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។

ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់ និងបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។

លោក Shoukry បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យអនុវត្តតាមទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសកាន់អំណាច បញ្ឈប់ការកំណត់គោលដៅលើជនស៊ីវិលដែលគ្មានការការពារ និងបើកច្រកព្រំដែនគោករវាងអ៊ីស្រាអែល ដើម្បីបង្កើនលំហូរនៃជំនួយ។

លោកក៏បានជំរុញឱ្យដកចេញនូវឧបសគ្គ ចំពោះការចូលនៃជំនួយ បន្ថែមពីលើការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា។

រដ្ឋមន្ត្រីអេហ្ស៊ីបក៏បានអះអាងជាថ្មីនូវការបដិសេធរបស់ប្រទេសរបស់លោក ចំពោះការប៉ុនប៉ងបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេដោយថា ការប៉ុនប៉ងទាំងនេះមានគោលបំណងលុបបំបាត់បុព្វហេតុប៉ាឡេស្ទីន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ៕


ប្រែសម្រួល ឈូក បូរ៉ា

To Top