ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីបបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ៣៣,៦៣៤នាក់ ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តទៅលើតំបន់នោះ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ និងរបួស ១២០នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៦៣៤នាក់ និងរបួសដល់ ៧៦,២១៤នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា សាកសពជនរងគ្រោះមួយចំនួននៅតែកប់នៅក្រោមគំនរបាក់បែក និងរាយប៉ាយនៅតាមដងផ្លូវ ខណៈដែលកងទ័ពអ៊ីស្រាអែល បានរារាំងរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលមិនឱ្យទៅដល់ពួកគេ។
ប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីនបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនិងអ្នកតាំងលំនៅនៅ West Bank ។ ក្រុមហាម៉ាសបានបញ្ជាក់ថាម្នាក់ក្នុងចំណោមអ្នកស្លាប់នោះជាមេបញ្ជាការក្នុងតំបន់នៃចលនា។
អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕ប្រែសម្រួល ឈូក បូរ៉ា