បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយថា ការវាយប្រហារដោយផ្ទាល់ជាលើកដំបូង របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល គឺជាកំហុស របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ទាំងស្រុង និងសំខាន់បំផុត។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា លោក Erdogan បាននិយាយថា វាមិនយុត្តិធម៌ទេក្នុងការមើលព្រឹត្តិការណ៍ កាលពីថ្ងៃសៅរ៍មុនដោយខ្វះចន្លោះ ។
លោកបាននិយាយទៀតថា ៖អ្នកដែលទទួល ខុសត្រូវចម្បង ចំពោះភាពតានតឹង ដែលដក់ជាប់បេះដូង របស់យើងនៅល្ងាចថ្ងៃទី១៣ ខែមេសាគឺលោក Netanyahu និងរដ្ឋបាលបង្ហូរឈាមរបស់គាត់ ។
លោកប្រធានាធិបតីបានបន្តថា៖ចាប់តាំងពីថ្ងៃទី៧ខែតុលាមក រដ្ឋាភិបាលអ៊ីស្រាអែល បានជ្រើសរើសសកម្មភាពបង្កហេតុ ដើម្បីរាលដាលភ្លើងដល់តំបន់ ទាំងមូលហើយ រដ្ឋាភិបាលអ៊ីស្រាអែល បានកំណត់
គោលដៅស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុង Damascus ដោយបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាទីក្រុងវីយែន ហើយនោះជាមូលហេតុចុងក្រោយ ។
គួរឲ្យដឹងដែរថាបេសកកម្មការទូតរបស់ទីក្រុង Tehran ត្រូវបានវាយប្រហារកាលពីថ្ងៃទី ១ខែមេសា ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់ចំនួន៧ នាក់នៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាម (IRGC) Quds Force
រួមទាំងឧត្តមសេនីយ៍ ពីរនាក់ផងដែរ។ អ៊ីស្រាអែលមិនដែលប្រកាសទទួលខុសត្រូវជាផ្លូវការចំពោះការវាយប្រហារនោះទេ ប៉ុន្តែបានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតនៅស៊ីរី ដោយអះអាងការពារខ្លួនជាមុន
ពីវត្តមានអ៊ីរ៉ង់នៅទីនោះ ៕
ប្រែសម្រួល៖ស៊ុនលី