ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចិន នឹងនាំមកនូវឱកាសកាន់ តែច្រើនដល់ការអភិវឌ្ឍសកលតាមរយៈ ការអភិវឌ្ឍប្រកបដោយភាពនឹងនររបស់ខ្លួន

“ខ្ញុំបានឃើញចិនមានការរីកចម្រើនជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាដើម តែមិនមែនដូចការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចនោះទេ ។” លោក សិរី មុនី និពន្ធនាយកផ្នែកហិរញ្ញវត្ថុនៃវេបសាយដើមអម្ពិលរបស់កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងបានបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះប្រទេសចិនទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។


មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត ។ អ្នកនយោបាយនិងធនាគារគំនិតមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់”តាមរយៈទិន្នន័យខាងចំនួនប្រជាជននិងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”នៅតែជាពាក្យសម្តីដដែលនិងខុសឆ្គងនៃ “ទ្រឹស្តីប្រទេសចិនដួលរលំ”ដដែល ។ បញ្ញវន្តពាក់ព័ន្ធធ្វើស្ថិតិដោយសង្ខេបថា ចាប់ពីចិនអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយមក “ទ្រឹស្តីប្រទេសចិនដួលរលំ”គ្រប់បែបយ៉ាងយ៉ាងហោចណាស់បានលេចចេញ៥លើកហើយ ។


ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ប្រទេសប៉ែកខាងលិចតែងតែឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយ តែចិនមិនត្រឹមតែមិនបានដួលរលំទេ ថែមទាំងក៏បានពុះពារឧបសគ្គនិងរីកចម្រើនទៅមុខឥតឈប់ឈរទៀតផង។


បច្ចុប្បន្ននេះ បន្ទាប់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សអស់រយៈពេលរាប់សិបឆ្នាំ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងបង្កើតអច្ឆរិយនៃកំណើនយូរអង្វែងចាប់ពីការធ្វើឧស្សាហូបនីយកម្មសកលមក ។ ប្រវែងសរុបនៃផ្លូវដែកល្បឿនលឿនកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ទំហំសរុបនៃការនាំចេញនាំចូលទំនិញកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ចំនួនអ្នកធ្វើទេសចរណ៍នៅបរទេសនិងការចំណាយលើវិស័យទេសចរណ៍នៅបរទេសកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ល។ ចិនកំពុងធ្វើឱ្យពិភពលោកយល់ដឹងប្រទេសខ្លួនឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយតាមរយៈអច្ឆរិយអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ ។


ចាប់ពីឆ្នាំ២០២៤នេះមក ស្ថាប័ននិងមុខរបរនានានៃតំបន់នានារបស់ចិនបានខិតខំប្រឹងប្រែងតស៊ូព្យាយាម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយទិដ្ឋភាពថ្មីនិងភារកិច្ចថ្មី ។


ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះ ទំហំសរុបនៃការលក់រាយផលិតផលប្រើប្រាស់ក្នុងសង្គមបានកើនឡើង៥,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញបានកើនឡើង៨,៧ភាគរយ ។ នៅខែកុម្ភៈឆ្នាំនេះ អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទដែលបានចុះបញ្ជីបានធ្លាក់ចុះ០,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ នៅខែមីនាឆ្នាំនេះ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម(PMI) ត្រឡប់មកចន្លោះកើនឡើងវិញ ។ល។ ពេលថ្មីៗកន្លងទៅនេះ ការប៉ាន់ប្រមាណទីផ្សារក្នុងស្រុកបន្តត្រូវកែលម្អ ទីផ្សារប្រើប្រាស់ទទួលការអភិវឌ្ឍយ៉ាងផុលផុសហើយនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចគឺច្បាស់លាស់ ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនក៏បានផ្សាយដំណឹងថា មានសុទិដ្ឋិនិយមចំពោះសក្តានុពលអភិវឌ្ឍន៍របស់ចិន ។ កាសែត «LianHeZaoBao »របស់សិង្ហបុរីបានចុះផ្សាយដំណឹងឱ្យដឹងថា “ទិន្នន័យនៃសន្ទស្សន៍PMI ត្រឡប់មកចន្លោះកើនឡើងវិញបានបង្ហាញថា សេដ្ឋកិច្ចចិនបានរកឃើញក្បាលម៉ាស៊ីនសម្រាប់កំណើនថ្មីហើយ ។”


ពេលថ្មីៗកន្លងទៅនេះ លោក Nicholas Lardy អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ Peterson បានចុះផ្សាយអត្ថបទក្នុងវេបសាយ Foreign Affairs ក្រោមចំណងជើងថា 《ចិននៅតែងើបឡើងដដែល កុំវាយតម្លៃទាបចំពោះអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក》ដោយបានលើកឡើងថា “ទ្រឹស្តីស្តីពីប្រទេសចិនងើបឡើងដល់កំពូលហើយ”ដែលលេចចេញនៅមជ្ឈដ្ឋានឯកទេសចំណេះដឹងអាមេរិកនៅពេលថ្មីៗកន្លងទៅនេះបានវាយតម្លៃទាបចំពោះភាពធន់នៃសេដ្ឋកិច្ចរបស់ចិន ។ នៅប៉ុន្មានឆ្នាំខាងមុខនេះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិនប្រហែលជាពីរដងរបស់សហរដ្ឋអាមេរិក ។ អំពីការនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា ចិននិងបន្តផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាដល់កំណើនសេដ្ឋកិច្ចពិភពលោកនិងនាំមកនូវឱកាសកាន់តែច្រើនដល់ការអភិវឌ្ឍសកលតាមរយៈការអភិវឌ្ឍប្រកបដោយភាពនឹងនររបស់ខ្លួន ។


ប្រទេសចិននាពេលបច្ចុប្បន្ន កំពុងយកឈ្នះលើសំឡេងអវិជ្ជមានគ្រប់បែបយ៉ាងដែលឃោសនាថា សេដ្ឋកិច្ចចិនមានភាពអន់ថយ តាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការពិតឈ្នះលើការប្រកែកតវ៉ា ។ មិនថាមនុស្សមួយចំនួនមានទុទិដ្ឋិនិយមយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរនឹងមិនកែប្រែទេ ។ “ប្រទេសចិនបន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “៕

To Top