បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានពិភាក្សាជាមួយសមភាគីចិនកាលពីថ្ងៃអង្គារ ដែលជាកិច្ចសន្ទនាលើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេស ទាំងពីរក្នុងរយៈពេលជិត ១៧ ខែមកនេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា លោក Austin និងឧត្តមនាវីឯកចិន លោក Dong Jun បានពិភាក្សាអំពី ” ទំនាក់ទំនងការពារជាតិ” និងបញ្ហាសន្តិសុខពិភពលោក ពីសង្គ្រាមដែលមិនបង្កហេតុ របស់រុស្ស៊ីនៅអ៊ុយក្រែន ទៅនឹងការបង្កហេតុថ្មីៗ ពីកូរ៉េខាងជើង។
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបញ្ចកោណបាននិយាយថា លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការគោរពចំពោះសេរីភាព នៃការធ្វើនាវាចរណ៍នៅសមុទ្រខ្ពស់ ដែលត្រូវបានធានានៅក្រោមច្បាប់អន្តរជាតិ ជាពិសេសនៅសមុទ្រចិនខាងត្បូង”។
ទីក្រុងប៉េកាំងបានអះអាងពីបំណងរបស់ខ្លួនក្នុងការគ្រប់គ្រង ការចូលទៅកាន់សមុទ្រចិនខាងត្បូង និងនាំយកកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយកម្លាំងប្រសិនបើចាំបាច់ ។ ប្រធានាធិបតី Joe Biden បាននិយាយថា ទាហានអាមេរិកនឹង ការពារកោះដែលគ្រប់គ្រង ដោយលទ្ធិប្រជាធិបតេយ្យ ពីការវាយប្រហារ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា បញ្ហារបស់កោះតៃវ៉ាន់គឺជា “ផលប្រយោជន៍ស្នូលរបស់ចិន” ។
លោក Dong បាននិយាយថា “ភាគីអាមេរិក គួរតែទទួលស្គាល់ជំហររឹងមាំរបស់ចិន គោរពអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ ដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយចាត់វិធានការជាក់ស្តែង ដើម្បីការពារសន្តិភាពក្នុងតំបន់”៕
ប្រែសម្រួលៈ ណៃ តុលា