បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា ការដាក់ពង្រាយកាំជ្រួច មីស៊ីលរយៈចម្ងាយមធ្យម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន គឺជាជំហានមួយទៀត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបង្កើនកម្រិត នៃការប្រឈមមុខគ្នា ផ្នែកយោធានៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រព័ន្ធមីស៊ីល Typhoon Mid-Range Capability (MRC) ត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់កោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ដែលបំបែកចេញពីកោះតៃវ៉ាន់ ដោយច្រកសមុទ្រ Luzon ដែលមានទទឹង ២៥០ គីឡូម៉ែត្រ។ កងទ័ពអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា ការដាក់ពង្រាយ “ចំណុចសំខាន់” បានធ្វើឡើងជាផ្នែកមួយនៃសមយុទ្ធ Salaknib 24 រួមគ្នាជាមួយកងទ័ពហ្វីលីពីន ហើយបានបង្ហាញពី “ការឈានទៅដល់ដ៏ទូលំទូលាយ និងភាពជាក់លាក់ខាងភស្តុភារ” នៃយោធាអាមេរិក។ ប្រព័ន្ធមីស៊ីល Typhoon ដែលត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ ២០២៣ អាចបាញ់បានទាំងមីស៊ីល Standard Missile 6 (SM-6) និងមីស៊ីល Tomahawk ដោយប្រព័ន្ធចុងក្រោយនេះមានរយៈចម្ងាយរហូតដល់ ២៥០០ គីឡូម៉ែត្រ។
លោក Antonov បានសរសេរ នៅក្នុងសារ បង្ហោះនៅលើ Telegram ថា “ការបង្ហាញជាសាធារណៈ របស់មន្ទីរប៉ង់តាហ្គោនអំពីសមត្ថភាព របស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការដាក់ពង្រាយអាវុធមីស៊ីល យ៉ាងលឿនដែលត្រូវបានហាមឃាត់ពីមុននៅក្រោមសន្ធិសញ្ញា INF (កងកំលាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម) គឺ ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង” ។
លោកបានសង្កត់ធ្ងន់ថា តាមរយៈការផ្តល់ប្រព័ន្ធមីស៊ីល Typhoon ដល់ហ្វីលីពីន “ភាគីអាមេរិកកំពុងនាំយកអាវុធអស្ថិរភាពទាំងមូលចេញពីស្រមោល ដើម្បីធានាបាននូវឧត្តមភាពយោធា របស់ខ្លួនលើគូប្រជែង”៕
ប្រែសម្រួលៈ ណៃ តុលា