បំពេញទស្សនកិច្ច នៅទីក្រុងចិនចំនួន៣ ក្នុងរយៈពេល៣ថ្ងៃ អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនដ៏សំខាន់ជាច្រើន ដូចជាក្រុមហ៊ុន SIEMENS ក្រុមហ៊ុន BMW និងក្រុមហ៊ុន Mercedes-Benz ជាដើមអមដំណើរជាមួយគ្នា ទស្សនា សហគ្រាសជាច្រើនដោយផ្តោត លើកិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មី ។ល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាង ទូលំទូលាយពីមតិសាធារណៈលោកខាងលិច ។
កាលពីថ្ងៃទី១៦ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនា ជាមួយលោក Olaf Scholz នៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីការកំណត់ទិសដៅនៃទំនាក់ទំនង រវាងចិននិងអាល្លឺម៉ង់ និងបញ្ហាចំណុចក្តៅ ក្នុងតំបន់និងអន្តរជាតិ ។ ភាគីចិនបានលើកឡើងថា ចិននិង អាល្លឺម៉ង់គ្មានវិវាទខាងផលប្រយោជន៍ជាមូលដ្ឋាននោះទេ ហើយក៏មិន បង្កជាការគំរាមកំហែង ខាងសន្តិសុខទៅវិញ ទៅមកដែរ ។ កិច្ចសហប្រតិបត្តិការ រវាងចិន និងអាល្លឺម៉ង់ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកមិនមែនជា “ហានិភ័យ”នោះទេ តែគឺជាការធានា ស្ថិរភាព នៃទំនាក់ទំនង រវាងភាគីទាំងពីរ និងជាឱកាសត្រួសត្រាយអនាគត ។ ភាគីអាល្លឺម៉ង់ បានថ្លែងថា រីករាយនឹងបន្តពង្រឹង ទំនាក់ទំនង រវាងប្រទេស ទាំងពីរ តទៅទៀត ធ្វើឱ្យកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិង ប្រជាជន លើវិស័យអប់រំនិងវប្បធម៌ជាដើម ។ ប្រការនេះគឺមានសារសំខាន់ ចំពោះប្រទេសទាំងពីរអាល្លឺម៉ង់ និងចិន ក៏ដូចជាពិភពលោកផងដែរ ។
ព័ត៌មានទាំងនេះបានបង្ហាញ យ៉ាងច្បាស់លាស់ថា ចិននិងអាល្លឺម៉ង់មានគោលជំហរស្រដៀងគ្នាលើបញ្ហាដ៏សំខាន់ជាច្រើន ដូច្នេះ អាចពួតដៃចាក់បំពេញ លំនឹងនិងភាពប្រាកដប្រជាកាន់ តែច្រើនដល់ពិភពលោក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ និម្មាបនកម្មភូមិសាស្ត្រ នយោបាយសកល បានប្រែប្រួលយ៉ាងខ្លាំង ហើយការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអាល្លឺម៉ង់ ក៏ប្រឈមមុខនឹងការសាកល្បងដែរ ។ ដោយសាររងផលប៉ះពាល់ ពីគោលនយោបាយ របស់សហរដ្ឋអាមេរិកស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ប្រទេសអឺរ៉ុបរហូតដល់ផ្ទៃក្នុងអាល្លឺម៉ង់ សុទ្ធតែមានសំឡេងអវិជ្ជមាន ដែលហៅថា “ការគំរាមកំហែងពីការអភិវឌ្ឍរបស់ចិន” ។ សហភាពអឺរ៉ុប កំពុងបង្កការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធន ចំពោះផលិតផលរបស់ចិន ដូចជារថយន្តអគ្គិសនីជាដើមដោយយក “ការលុបចោលហានិភ័យ”ធ្វើជាលេស ។
ចុះលទ្ធផលវិញ? មិនថាដំណើរ ទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិនលើកនេះក៏ដោយ ឬក៏ការសម្តែងអាកប្បកិរិយា នៃមជ្ឈដ្ឋាន សហគ្រាសអាល្លឺម៉ង់ ដែលរីករាយចិត្តបន្តធ្វើអាជីវកម្ម នៅទីផ្សារប្រទេសចិន សុទ្ធតែបានបង្ហាញថា “មូលដ្ឋានគ្រឹះ” នៃទំនាក់ទំនង រវាងចិននិងអាល្លឺម៉ង់ នៅតែរឹងមាំ គោលនយោបាយ ចំពោះប្រទេសចិន នៃរដ្ឋាភិបាលអាល្លឺម៉ង់នៅតែរក្សាឥរិយាបថ ប្រកបដោយវិចារណញ្ញាណ និងប្រាកដប្រជាដដែល ។ មតិអាល្លឺម៉ង់មួយចំនួនបានយល់ឃើញថា មិនថាឆ្លើយតបនឹង បញ្ហាប្រឈមនៃការបង្អង់ល្បឿននៃសេដ្ឋកិច្ចរបស់ខ្លួន ឬក៏ដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ ក៏អាល្លឺម៉ង់សុទ្ធ តែចាំបាច់ត្រូវស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ។
ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក ទីផ្សាររបស់ប្រទេសទាំងពីរចិននិង អាល្លឺម៉ង់ពឹងផ្អែកគ្នាយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចមានភាពធន់ណាស់ ។ បច្ចុប្បន្ននេះ មានសហគ្រាសអាល្លឺម៉ង់ លើសពី៥ពាន់ បានធ្វើអាជីវកម្មនៅទីផ្សារប្រទេសចិន ។
តាមស្ថិតិនៃធនាគារ កណ្តាល អាល្លឺម៉ង់ ឱ្យដឹងថា នៅឆ្នាំ២០២៣ ការវិនិយោគផ្ទាល់នៅប្រទេសចិន របស់អាល្លឺម៉ង់ បានកើនឡើង៤,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២២ គឺមានទំហំសរុបឡើងដល់១ម៉ឺន១ពាន់៩រយលានប្រាក់អឺរ៉ូ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យ នៃរដ្ឋបាលស្ថិតិ នៃសហព័ន្ធអាល្លឺម៉ង់ឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម ទ្វេភាគីអាល្លឺម៉ង់ និងចិនគឺ២សែន៥ម៉ឺន៣ពាន់១ រយលានប្រាក់អឺរ៉ូ ហើយចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាល្លឺម៉ង់លើទូទាំងពិភពលោក ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។
មជ្ឈដ្ឋានខាងក្រៅ បានកត់ សម្គាល់ឃើញថា ពេលទៅបំពេញទស្សនកិច្ចនៅក្រុង Chongqing និងក្រុងសៀងហៃ លោក Olaf Scholz បានទៅទស្សនា សហគ្រាស ថាមពល អ៊ីដ្រូហ្សែន ដែលមានការវិនិយោគទុនរបស់អាល្លឺម៉ង់ និងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី នៃសហគ្រាសអាល្លឺម៉ង់ដោយឡែកពីគ្នា ។ នេះបានបង្ហាញពីបំណងវិជ្ជមាន របស់ភាគីអាល្លឺម៉ង់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ ខាងឧស្សាហកម្មងើបឡើងថ្មី រវាងចិននិងអាល្លឺម៉ង់ មានភាពកាន់តែស៊ីជម្រៅ ។
កិច្ចសហប្រតិបត្តិការរវាងចិន និងអាល្លឺម៉ង់មានអំណោយផល ដល់ភាគីទាំងពីរ ហើយក៏មានអំណោយ ផលដល់ពិភពលោកដែរ ។ ចិននិងអាល្លឺម៉ង់ធ្វើឱ្យគូភាគី មានភាពកាន់តែប្រសើរឡើង ដែលនឹងរួមចំណែកកម្លាំងកាន់តែធំ ក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ហើយវាក៏នឹងកំចាត់ចោល “សំឡេងរំខាន”ដែលបំផ្លាញសន្តិភាព និងការអភិវឌ្ឍពិភពលោក ទាំងនោះផងដែរ ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន