ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ុយក្រែន និងអគ្គលេខាធិការណាតូ ព្រមព្រៀងគ្នាបើកកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ

AFP

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានយល់ព្រមរៀបចំកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ Telegram បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Stoltenberg ថា “អគ្គលេខាធិការនៃសម្ព័ន្ធ បានបញ្ជាក់ពីការកោះប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ តាមសំណើរបស់អ៊ុយក្រែន” ។

លោក ហ្សេឡិនស្គី បានឲ្យដឹងថា កិច្ចប្រជុំនៅថ្នាក់រដ្ឋមន្ត្រីការពារជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ក្នុងនោះលោក​បាន​សង្កត់​ធ្ងន់​ថា “អ៊ុយក្រែន​ត្រូវ​ការ​ជំហាន​ភ្លាមៗ ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​អាកាស”។

នៅក្នុងកិច្ចពិភាក្សា នោះ លោក ហ្សេឡិនស្គី បានជូនដំណឹងដល់លោក Stoltenberg អំពីការវាយប្រហារ ដោយកាំជ្រួច របស់រុស្ស៊ី លើទីក្រុង Chernihiv ភាគខាងជើងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ និង ៧៨នាក់ផ្សេងទៀតបានរងរបួស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top