វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងមិនបន្តអាជ្ញាប័ណ្ណ ដែលផ្តល់ការអនុញ្ញាតបណ្តោះអាសន្ន ដល់ការផលិតប្រេង និងឧស្ម័ន នៅក្នុងប្រទេសវេណេស៊ុយអេឡា នោះទេ ព្រោះវាមិនមានសញ្ញាគ្រប់គ្រាន់ ដែលបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡា មានឆន្ទៈក្នុងការធានាឱ្យ មានការបោះឆ្នោតប្រធានាធិបតី ប្រកបដោយបរិយាប័ន្ន និងប្រកួតប្រជែង នៅក្នុងប្រទេសនេះនៅចុងឆ្នាំនេះ។
យោងតាមមន្ត្រីដែលបានពន្យល់ អ្នកសារព័ត៌មានអំពីការសម្រេចចិត្ត ក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យអាជ្ញាប័ណ្ណទូទៅ ៤៤ ផុតកំណត់ដោយធម្មជាតិនៅថ្ងៃព្រហស្បតិ៍នេះ ។ អាជ្ញាប័ណ្ណនេះត្រូវបានចេញដោយ ក្រសួងរតនាគារអាមេរិក កាលពីខែតុលា ដើម្បីលើកទឹកចិត្តរដ្ឋាភិបាល របស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ ឱ្យអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង ដែលខ្លួនសម្រេចបាន ជាមួយវេទិកាឯកបក្សប្រឆាំងនៅ Barbados ដែលនឹងអនុញ្ញាតឱ្យបេក្ខជន ប្រឆាំងទាំងអស់ឈរឈ្មោះជាប្រធានាធិបតី។
ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការចេញអាជ្ញាប័ណ្ណ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានហាមឃាត់លោកស្រី Maria Corina Machado ដែលជាមេដឹកនាំគណបក្សប្រឆាំង ដ៏សំខាន់របស់ប្រទេសពីការចុះឈ្មោះ ជាបេក្ខជននៅក្នុងការបោះឆ្នោត។ មន្ត្រីបានឲ្យដឹងថា នៅពេលដែលលោកស្រី Machado ដាក់ឈ្មោះជំនួស លោកស្រីសាស្ត្រាចារ្យមហាវិទ្យាល័យ Corina Yoris នៅចុងខែមីនា រដ្ឋាភិបាលបានរារាំងលោកស្រី ពីការប្រកួតប្រជែងផងដែរ។
សកម្មភាពទាំងនេះ មន្ត្រីមួយរូបនៅក្នុងសេចក្តីអំពាវនាវ របស់សារព័ត៌មានបានឲ្យដឹងថា បានធ្វើឱ្យសហរដ្ឋអាមេរិកសន្និដ្ឋានថា រដ្ឋាភិបាលវេណេស៊ុយអេឡា មិនបានអនុវត្តតាមការប្តេជ្ញាចិត្តដ៏សំខាន់បំផុត មួយនៅក្នុងកិច្ចព្រមព្រៀង Barbados ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរូបនេះបានទទួលស្គាល់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានផ្តល់កិត្តិយសដល់ “ទិដ្ឋភាពមួយចំនួននៃកិច្ចព្រមព្រៀង Barbados ទាក់ទងនឹងការចាប់ផ្តើមធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដោយអះអាងនូវដំណើរការមួយ ដើម្បីអនុញ្ញាតឱ្យមានការ សង្កេតការបោះឆ្នោតអន្តរជាតិ និងបង្កើតការកំណត់ពេលវេលាបោះឆ្នោត” ៕
ប្រែសម្រួល ឈូក បូរ៉ា