ឥស្លាម៉ាបាដ៖ មន្ត្រីម្នាក់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ឲ្យដឹងថា មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានផ្លេកបន្ទោរ បានបង្កការបំផ្លិចបំផ្លាញ នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឲ្យមនុស្សចំនួន ៧១នាក់ស្លាប់ និងអ្នកផ្សេងទៀតចំនួន៦៧នាក់ បានរងរបួសគិតចាប់តាំងពីថ្ងៃសៅរ៍។
មន្ត្រីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ (NDMA) បានឲ្យដឹងថា ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដែលមានមនុស្សចំនួន៣២នាក់ បានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុផ្សេងៗគ្នា ក្នុងនោះរួមមានការដួលរលំដំបូលផ្ទះ និងឧបទ្ទវហេតុដោយសាររន្ទះបាញ់ ។
បើយោងតាមមន្ត្រីដដែលនេះបានលើកឡើងថា កុមារចំនួន១៥នាក់ និងស្ត្រីចំនួន៥នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់នៅខេត្ត Khyber Pakhtunkhwa ហើយមនុស្សចំនួន៤១នាក់ផ្សេងទៀតបានរងរបួស និងផ្ទះចំនួន១.៣៧០ខ្នង ត្រូវបានខូចខាត ។
មន្ត្រីបានបញ្ជាក់ថា មនុស្សចំនួន២៣នាក់បានស្លាប់ និង៧នាក់បានរងរបួសនៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងកើត ហើយចំនួន៨នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងខេត្ត Balochistan ដែលស្ថិតនៅភាគនិរតី ។
មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួស និងផ្ទះចំនួន៤៧ខ្នងត្រូវបានបំផ្លាញ នៅក្នុងពេលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានក្នុងអំឡុងពេលនោះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា