ព័ត៌មានអន្តរជាតិ

ក្រុម G7 បើកកិច្ចប្រជុំកំពូល នៅក្នុងប្រទេសអ៊ីតាលី ផ្តោតសំខាន់លើស្ថានភាព នៅមជ្ឈិមបូព៌ា

Xinhua

រ៉ូម ៖ កិច្ចប្រជុំរយៈពេល៣ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសទាំង៧ រឺហៅថា G7 បានចាប់ផ្ដើមនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ដោយកិច្ចពិភាក្សារំពឹងថា នឹងផ្តោតលើស្ថានភាព នៅមជ្ឈិមបូព៌ា ។
គួរបញ្ជាក់ថា របៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំ គឺជម្លោះ តំបន់ហ្គាហ្សា និងការវិវត្តន៍បន្ទាប់ពីការវាយប្រហារ សងសឹករបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះមកលើអ៊ីស្រាអ៊ែល ។

សេចក្តីថ្លែងការណ៍មួយ របស់ប្រធានាធិបតីអ៊ីតាលីបានឲ្យដឹងថា “កិច្ចប្រជុំនេះ នឹងស្វែងរកផ្លូវឆ្ពោះ ទៅរកដំណោះស្រាយនយោបាយ ដែលអាចជឿទុកចិត្តបាន ដើម្បីធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់” ហើយប្រទេសអ៊ីតាលី កាន់តំណែងជាប្រធានប្តូរវេននៃក្រុម G7 នៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ក្រុម G7 រួមមាន ប្រទេសកាណាដា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងជប៉ុន បូករួមទាំងតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុបដែរ ។

នៅទីក្រុង Capri រដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba និងអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។

បើយោងតាមការលើកឡើង របស់ប្រធានាធិបតីអ៊ីតាលី បានឲ្យដឹងថា កិច្ចពិភាក្សាក៏នឹងផ្តោតលើទំនាក់ទំនងរបស់ក្រុម G7 ជាមួយបណ្តាប្រទេស នៅអាហ្វ្រិកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top