ព័ត៌មានអន្តរជាតិ

ការសិក្សា៖ សេដ្ឋកិច្ចពិភពលោក ប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ដោយសារការបំរ៉ែបំរួលអាកាសធាតុ

Xinhua

ប៊ែកឡាំង៖ យោងតាមការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សេដ្ឋកិច្ចពិភពលោកប្រឈមនឹង ការបាត់បង់ប្រាក់ចំណូល ១៩ភាគរយនៅឆ្នាំ២០៥០ ដោយសារការបំរ៉ែលបំរួលអាកាសធាតុ ទោះបីជាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងភ្លាមៗក៏ដោយ ។

ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រធម្មជាតិ ដោយវិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ ហៅកាត់ថា (PIK) បានបង្ហាញថា ការខាតបង់ទាំងនេះមានទំហំធំជាង៦ដង នៃការចំណាយនៃវិធានការកាត់បន្ថយ ដែលតម្រូវឱ្យកំណត់ការឡើងកម្តៅផែនដីដល់ ២ដឺក្រេ ។

ការខូចខាតប្រចាំឆ្នាំ ជាសកលត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ៣៨ពាន់ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០៥០ ជាមួយនឹងចន្លោះពី១៩ទៅ ៥៩ពាន់ពាន់លានដុល្លារអាមេរិក ។ ការសិក្សានេះបានឲ្យដឹងថា “ការខូចខាតទាំងនេះភាគច្រើនបណ្តាល មកពីការកើនឡើងនៃសីតុណ្ហភាព ប៉ុន្តែក៏មកពីការផ្លាស់ប្តូរទឹកភ្លៀង និងការប្រែប្រួលសីតុណ្ហភាពផងដែរ” ។

អ្នកស្រាវជ្រាវបានវិភាគទិន្នន័យ កាលពី៤០ឆ្នាំមុនពីតំបន់ជាង១.៦០០ ដែលបានសិក្សាអំពីរបៀប ដែលអាកាសធាតុក្តៅខ្លាំង និងការផ្លាស់ប្តូរបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច ។ ក្រោយមក ពួកគេបានគណនាពីរបៀប ដែលទាំងនេះទំនងជាប៉ះពាល់ដល់ សកម្មភាពសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២៦ឆ្នាំខាងមុខ ។

អ្នកវិទ្យាសាស្ត្រ PIK និងជាអ្នកនិពន្ធដំបូងនៃការសិក្សា លោក Maximilian Kotz បានលើកឡើងថា “ការកាត់បន្ថយប្រាក់ចំណូលខ្លាំង ត្រូវបានព្យាករណ៍សម្រាប់តំបន់ភាគច្រើន រួមទាំងអាមេរិកខាងជើង និងអឺរ៉ុប ដោយអាស៊ីខាងត្បូង និងអាហ្រ្វិកត្រូវបានរងផលប៉ះពាល់ខ្លាំងក្លាបំផុត” ។

លោក Kotz បានលើកឡើងទៀតថា “ទាំងនេះគឺបណ្តាលមកពីផលប៉ះពាល់ នៃការបំរ៉ែលបំរួលអាកាសធាតុលើទិដ្ឋភាពផ្សេងៗ ដែលពាក់ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ច ដូចជា ទិន្នផលកសិកម្ម ផលិតភាពការងារ ឬហេដ្ឋារចនាសម្ព័ន្ធ” ។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមសេវាតាមដានការបំរ៉ែលបំរួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះបានឃើញថា ខែមីនាក្តៅបំផុតមិនធ្លាប់មាននៅក្នុងកំណត់ត្រា ។

សីតុណ្ហភាពជាមធ្យមរបស់ ពិភពលោកបានឡើងដល់ ១,៥៨អង្សាសេ បើធៀបនឹងសម័យមុន ហើយឧស្សាហ៍កម្មក្នុងរយៈពេល ១២ខែកន្លងទៅនេះ ដែលលើសពីគោលដៅដែលបាន កំណត់ដោយកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥រួចទៅហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top