ព័ត៌មានអន្តរជាតិ

Breaking News: អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ហើយ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក

RT News

បរទេស៖ អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ, នេះបើតាមសារព័ត៌មានជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ ដំណឹងនេះកើតឡើង មិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាមបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដាក់ប្រទេសអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr បានរាយការណ៍ថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅម៉ោងប្រហែល ៤ ព្រឹកម៉ោងក្នុងស្រុក នៅលើមេឃលើទីក្រុង អ៊ីសហ្វាហាន។

ទីភ្នាក់ងារព័ត៌មាន IRNA បានផ្សាយថា ការការពារដែនអាកាសត្រូវបានធ្វើសកម្មភាពនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ង់ ហើយអ៊ីស្រាអែលក៏បានវាយប្រហារស៊ីរី និងអ៊ីរ៉ាក់ ដោយវាយប្រហារលើអាកាសយានដ្ឋានយោធា និងទីតាំងរ៉ាដាមួយ។

លោក Hossein Dalirian អ្នកនាំពាក្យកម្មវិធីអវកាសស៊ីវិលរបស់អ៊ីរ៉ង់ បានសរសេរនៅលើ X (អតីត Twitter) ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមិនមានការបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលលើទីក្រុង អ៊ីសហ្វាហាន នោះទេ។ ទូរទស្សន៍អ៊ីរ៉ង់ ក្រោយមកបានផ្សាយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងត្រូវបានបំផ្លាញពីលើទីក្រុង។

យោងតាមសារព័ត៌មាន Al Jazeera អ៊ីរ៉ង់បានផ្អាកជើងហោះហើរនៅអាកាសយានដ្ឋានជាច្រើន រួមទាំងទីក្រុងតេអេរ៉ង់ និងទីក្រុង អ៊ីសហ្វាហាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top