ព័ត៌មានអន្តរជាតិ

ប៉ូលិសបារាំង ចាប់ខ្លួនបុរសម្នាក់ សង្ស័យថា បានគម្រាមបំផ្ទុះគ្រាប់បែកខ្លួន ឯងនៅឯស្ថានកុងស៊ុល អ៊ីរ៉ង់ នៅក្រុងប៉ារីស

Afp

ប៉ារីស៖ នៅថ្ងៃសុក្រនេះ ប៉ូលិសបារាំង បានចាប់ខ្លួនបុរសម្នាក់ ដែលបានគម្រាមបំផ្ទុះគ្រាប់បែកខ្លួនឯង នៅឯស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងប៉ារីស ។


ប្រភពពីប៉ូលិសបានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា បុរសនោះត្រូវបានគេឃើញនៅម៉ោងប្រហែល១១ព្រឹក ម៉ោងក្នុងស្រុក បានចូលទៅក្នុងស្ថានកុងស៊ុល ដោយកាន់របស់ដែលហាក់ដូចជាគ្រឿងផ្ទុះ ។

ប្រភពពីសន្តិសុខក៏បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា បេសកកម្មនោះបានអំពាវនាវដល់សមត្ថកិច្ចបន្ទាប់ពីសាក្សីម្នាក់បានឃើញ “បុរសម្នាក់ចូលកាន់គ្រាប់បែកដៃ ឬខ្សែក្រវាត់បំផ្ទុះ” ។

សង្កាត់ទាំងមូលនៅជុំវិញស្ថានកុងស៊ុលក្នុងសង្កាត់ទី១៦នៃរដ្ឋធានីត្រូវបានបិទដោយមានវត្តមានប៉ូលិសយ៉ាងតឹងរ៉ឹងនៅនឹងកន្លែង ។ ចរាចរណ៍នៅលើខ្សែរថភ្លើងក្រោមដី២ដែលឆ្លងកាត់ចំណតនៅជិតអគារនោះក៏ត្រូវបានផ្អាកដំណើរផងដែរ។

ប្រភពពីប៉ូលិសបានឲ្យដឹងថា ក្រោយមកបុរសនោះបានចាកចេញពីស្ថានកុងស៊ុល ហើយនៅពេលកំពុងស្វែងរក ត្រូវបានរកឃើញថា មិនមានផ្ទុកសារធាតុផ្ទុះណាមួយឡើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top