រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអែលនោះទេ ដោយបន្ថែមថា G7 នៅតែលះបង់ ដើម្បីលុបបំបាត់វិបត្តិ។
លោក Blinken បានបន្ថែមថា “យើងប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយយើងក៏ប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការកើនឡើង” ដោយលោកបានកត់សម្គាល់ថា ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏ដោយ ក៏ក្រុម G7 “ផ្តោតខ្លាំង” លើជម្លោះនៅតំបន់ហ្គាហ្សាដដែល។
នៅក្នុងឯកសារចុងក្រោយរបស់ពួកគេ រដ្ឋមន្ត្រី G7 បានសន្យាថានឹងមានការប្តេជ្ញាចិត្ត ចំពោះ “សន្តិភាពប្រកបដោយនិរន្តរភាពដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ”។
បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងផ្នែកយោធានៅក្នុងតំបន់ បន្ទាប់ពីអ៊ីស្រាអែល កាលពីថ្ងៃសុក្របានចោទប្រកាន់ថា បានវាយប្រហារទីតាំងក្បែរទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបផ្នែកយោធារបស់ខ្លួន ចំពោះអ៊ីរ៉ង់ លើការវាយប្រហារនាពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអេហ្ស៊ីប បានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាទីបំផុត និងគោរពឱ្យបានពេញលេញនូវវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយព្រមានប្រឆាំងនឹងការពង្រីកជម្លោះ និងអស្ថិរភាពនៅក្នុងតំបន់។
អេហ្ស៊ីបបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តបង្កើនទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងមានឥទ្ធិពលទាំងអស់ ដើម្បីទប់ស្កាត់ការកើនឡើង និងភាពតានតឹងដែលកំពុងបន្ត។
បន្ថែមពីលើនេះ ក្រសួងការបរទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួង “កំពុងឃ្លាំមើលភាពតានតឹងក្នុងតំបន់ជានិច្ច” ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនចំពោះការវាយប្រហារសំដៅទៅលើទីក្រុង Isfahan នៅព្រឹកនេះ។
ក្រសួងបានឲ្យដឹងទៀតថា ការកើនឡើងនេះមិនត្រូវបង្អាក់ការយកចិត្តទុកដាក់ពីការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតស្លូតត្រង់នៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ដោយបានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិឱ្យបំពេញភារកិច្ច និងការងាររបស់ខ្លួនដើម្បីបញ្ឈប់ការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា