ព័ត៌មានអន្តរជាតិ

Update៖ កោះតៃវ៉ាន់ លើកឡើងថា នឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីរបៀបនៃការប្រើប្រាស់ មូលនិធិជួយដល់ដែនកោះរបស់ខ្លួន

Xinhua

តៃប៉ិ៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ពីរបៀបប្រើប្រាស់មូលនិធិសម្រាប់ដែនកោះនេះ រួមបញ្ចូលក្នុងកញ្ចប់នីតិប្បញ្ញត្តិចំនួន៩៥ពាន់លានដុល្លារ ដែលភាគច្រើនផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន និងអ៊ីស្រាអ៊ែល ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ។

កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យបានប្រឈមមុខនឹងសម្ពាធយោធាកើនឡើងពីប្រទេសចិន ដែលបានចាត់ទុកដែនកោះនេះជាទឹកដីរបស់ខ្លួន ។ រដ្ឋាភិបាលតៃវ៉ាន់ បដិសេធការអះអាងទាំងនោះ ។

ក្រសួងការពារជាតិបានសម្តែងការអរគុណចំពោះសភាតំណាងសហរដ្ឋអាមេរិកសម្រាប់ការអនុម័តកញ្ចប់ជំនួយនេះកាលពីថ្ងៃសៅរ៍ ដោយបានលើកឡើងថា វាបង្ហាញអំពី “ខាលដ៏រឹងមាំ” ពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ។

ក្រសួងដដែលនេះបានឲ្យដឹងទៀតថា “នឹងសម្របសម្រួលការប្រើប្រាស់ថវិកាដែលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក តាមរយៈយន្តការផ្លាស់ប្តូរដែលមានស្រាប់ ហើយខិតខំពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធ ដើម្បីធានាសន្តិសុខជាតិ និងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់” ។

កោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០២២ បានត្អូញត្អែរពីការពន្យារពេលក្នុងការចែកចាយសព្វាវុធ របស់សហរដ្ឋអាមេរិក ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger ខណៈដែលក្រុមហ៊ុនផលិតបានផ្តោតលើការផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះប្រយុទ្ធនឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top