បរទេស៖ ឧទ្ធម្ភាគចក្រល្បាតរបស់កងទ័ពជើងទឹកជប៉ុនពីរគ្រឿង តាមសេចក្តីរាយការណ៍បានធ្លាក់ចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងបានបញ្ជូនមនុស្ស ៧ នាក់ផ្សេងទៀត បាត់ខ្លួន។ ការធ្លាក់យន្តហោះនេះបានកើតឡើងត្រឹមតែមួយឆ្នាំបន្ទាប់ពីទាហានជប៉ុន១០នាក់បានស្លាប់ក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ Mitsubishi SH-60K ពីរគ្រឿង ដែលកំពុងធ្វើសមយុទ្ធហ្វឹកហ្វឺនប្រឆាំងនាវាមុជទឹកកាលពីយប់ថ្ងៃសៅរ៍នៅជិតកោះ Izu ដែលនៅដាច់ស្រយាលចម្ងាយប្រហែល ៥០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ។ ទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានផ្សាយថា ការប្រាស្រ័យទាក់ទងជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង គឺបានបាត់បង់ការទាក់ទងនៅម៉ោងប្រហែល ១០ និង៣៨ នាទីយប់ ហើយបុគ្គលិកយោធាបានបាត់បង់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រទីពីរទៀត នៅប្រហែល ២៥ នាទីក្រោយមក។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនទៅកាន់កន្លែងកើតហេតុ “បានប្រទះឃើញអ្វីដែលគេជឿថាជាផ្នែកមួយនៃយន្តហោះនៅក្នុងសមុទ្រ ហើយយើងជឿថា ឧទ្ធម្ភាគចក្រទាំងពីរបានធ្លាក់”។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សាកសពសមាជិកនាវិកម្នាក់ត្រូវបានរកឃើញ ហើយនាវិក៧នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
នាយសេនាធិការកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) លោក Ryo Sakai បានប្រាប់អ្នកសារព័ត៌មានថា “ឧបករណ៍ថតសំឡេងការហោះហើរកំពុងត្រូវបានវិភាគ” ដោយលោកបន្ថែមថា នាវិកនៃឧទ្ធម្ភាគចក្រទីបី ដែលបានចូលរួមក្នុងសមយុទ្ធ គឺកំពុងត្រូវបានសួរនាំ។
សូមជម្រាបថា ការធ្លាក់នេះបានកើតឡើងក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីឧទ្ធម្ភាគចក្រ UH-60JA ដែលប្រតិបត្តិការដោយកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានធ្លាក់ចេញពីកោះ Miyako ដែលស្ថិតនៅចម្ងាយប្រហែលពាក់កណ្តាលរវាងកោះ Okinawa របស់ជប៉ុន និងកោះតៃវ៉ាន់។ ទាហាន១០នាក់បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់នេះ ហើយក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញថា តើឧទ្ធម្ភាគចក្រដែលធ្លាក់ចូលទៅក្នុងសមុទ្រដោយសារបញ្ហាបច្ចេកទេស ឬកំហុសពីអ្នកបើកបរនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា