ព័ត៌មានអន្តរជាតិ

ការ​ចំណាយ​ផ្នែក​យោធា​ របស់ពិភពលោក កើនឡើងដល់កម្រិត​ខ្ពស់​ថ្មី​មួយ ក្នុង​ឆ្នាំ២០២៣ ចំពេល​មាន​ សង្គ្រាម​អ៊ុយក្រែន និងភាព​តានតឹង ​របស់​ចិន

Kyodo

តូក្យូ៖ ឯកសារសន្តិសុខអន្តរជាតិបានឲ្យដឹងថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើងខ្ពស់គ្រប់ពេលទាំងអស់គឺ ២,៤៤ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំមុន ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងការកសាងយោធារបស់ចិន។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា ការចំណាយសរុបបានកើនឡើងក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា ដែលកត់ត្រាចំនួនដ៏ធំបំផុតចាប់តាំងពីទិន្នន័យដែលអាចប្រៀបធៀបបានមាននៅក្នុងឆ្នាំ១៩៨៨។

ប្រទេសចំណាយកំពូលទាំង៥ គឺសហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ដែលមានចំនួន ៦១ភាគរយនៃចំនួនសរុបពិភពលោក ខណៈដែលការកើនឡើងគួរឱ្យកត់សម្គាល់ត្រូវបានគេសង្កេតឃើញនៅក្នុងទ្វីបអឺរ៉ុប អាស៊ី និងអូសេអានី និងមជ្ឈិមបូព៌ា។

លោក Nan Tian អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI បានឲ្យដឹងថា “ការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងការចំណាយយោធា គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការធ្លាក់ចុះនៃសន្តិភាព និងសន្តិសុខពិភពលោក” ។

យោងតាមរបាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចំណាយ ៩១៦ពាន់លានដុល្លារ ២,៣ភាគរយច្រើនជាងក្នុងឆ្នាំ២០២២ ខណៈដែលការចំណាយលើផ្នែកយោធារបស់ប្រទេសចិនត្រូវបានគេប៉ាន់ស្មានថាមានចំនួន ២៩៧ពាន់លានដុល្លារ កើនឡើង ៦ភាគរយដែលជាការកត់សម្គាល់ការកើនឡើង ២៩ឆ្នាំជាប់ៗគ្នា។

ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនបានកើនឡើង ១១ភាគរយ ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៧២ ដល់ ៥០,៩ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី១០ នៅលើពិភពលោក ខណៈដែលកូរ៉េខាងត្បូងបានចំណាយអស់ ៤៧,៩ពាន់លានដុល្លារ ដោយឈរនៅលំដាប់ទី១១៕ប្រែសម្រួល ឈូក បូរ៉ា

To Top