ព័ត៌មានអន្តរជាតិ

តើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ កំពុងបង្កចលាចល នៅមជ្ឈិមបូព៌ា និងពិភពលោកមែនដែរ ឬយ៉ាងណា?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកហើយ ។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំ ត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មាន ពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយផ្ទាល់ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែនហើយ ។ តែបើយើងត្រលប់ទៅមើល ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលប៉ុន្មានឡើយ ។ កាលពីថ្ងៃទី៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍ ដឹកនាំកំពូល នៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែកប្រកាសគំរាមថា អ៊ីរ៉ង់នឹងសងសឹក ពិន័យអ៊ីស្រាអែល ចំពោះទង្វើឧក្រិដ្ឋ ដែលអ៊ីស្រាអែលបានបាញ់មីស៊ីលកំទេច ស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យស្លាប់មន្ត្រីទាហាន កងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន៧នាក់ ។
ជាមួយគ្នានោះ អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពី «ការវាយប្រហារកាន់តែសាហាវ» ប្រសិនបើពួកគេឆ្លើយតប ចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ខ្លួន លើទឹកដីអ៊ីស្រាអែល ខណៈអ៊ីស្រាអែលនិយាយថា «យុទ្ធនាការយោធា មិនទាន់ចប់នៅឡើយទេ»
នេះបើយោងតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ។
ការគំរាមកំហែង នៃសង្រ្គាម ដោយបើកចំហររវាងគូសត្រូវទាំងពីរ នៅមជ្ឈិមបូព៌ា បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពតានតឹងបំផុតមួយ ខណៈដែលក្រុងវ៉ាស៊ីនតោន បាននិយាយថា អាមេរិក មិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការ ដើម្បីការពារកងទ័ពអាមេរិក និងអ៊ីស្រាអែលឡើយ ។

នាយសេនាធិការ កងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Bagheri បានព្រមានថា «ប្រសិនបើអ៊ីស្រាអែលឆ្លើយតបអ៊ីរ៉ង់វិញ នោះការឆ្លើយតប របស់យើងនឹងសាហាវជាង សកម្មភាពយោធាកាលពីយប់មិញ» ហើយក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរថា ឱ្យស្ថិតនៅឱ្យឆ្ងាយពីជម្លោះ របស់ខ្លួនជាមួយអ៊ីស្រាអែល បើពុំដូច្នោះទេ មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវរងការវាយប្រហារផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹងរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយដ្រូន និងមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានបាញ់ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី។
ដោយឡែក មហាអំណាចពិភពលោក ដូចជារុស្ស៊ី ចិន និងបារាំង ក៏ដូចជាប្រទេសអារ៉ាប់ អេហ្ស៊ីប កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានជំរុញឱ្យមានការ អត់ធ្មត់ខ្ពស់ ដើម្បីកុំឱ្យជម្លោះរីករាលដាលពាសពេញតំបន់ ។

មែនទែនទៅ ស្ថានការណ៍សន្តិសុខ នៅមជ្ឈិមបូព៌ា បានធ្លាក់ចុះយ៉ាងខ្លាំង

បន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយក្រុមហាម៉ាស់លើភាគខាងត្បូង អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការ វាយលុក របស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បានធ្វើឱ្យមនុស្សជាង ៣៣,៦០០នាក់បានស្លាប់ ។

បើតាមក្រុមអ្នកជំនាញគេសង្កេតឃើញថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស និងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បាន និងកំពុងលាតត្រដាង ឱ្យឃើញពីព្រំដែន នៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈក្រុមមន្ត្រីក្នុង តំបន់មជ្ឈិមបូព៌ា បានបង្ហាញការខកចិត្ត ជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិក បានបរាជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យ អ៉ីស្រាអែលទទួលយកបទ ឈប់បាញ់បណ្ដោះអាសន្ន នានា ដើម្បីជាការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់ យូរអង្វែងមួយសម្រាប់តំបន់មួយនេះ ។

ក្រុមមន្ត្រីទាំងនោះក៏បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយអាវុធ និងហិរញ្ញវត្ថុដល់អ៉ីស្រាអែល រួមទាំងប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើប្រតិបត្តិការវាយប្រហាររួមគ្នា ជាមួយអង់គ្លេស លើក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ពួកគេបានស្ដាប់ឮគ្រប់ពាក្យពេចន៍ ដែលលោក Biden បាននិយាយគ្រប់ម៉ាត់ តែ ការធ្វើសកម្មភាពជាក់ស្ដែង បែរជាផ្ទុយពីអ្វី ដែលលោកបាននិយាយទៅវិញ ចំពោះសកម្មភាព របស់អ៉ីស្រាអែល ។

មើលតាមស្ថាន ការណ៍ ដូចបានរៀបរាប់ ក្រុមអ្នកជំនាញ បានធ្វើការព្យាករណ៍ថា បច្ចុប្បន្នគួរតែជាពេល ដែលសហរដ្ឋអាមេរិក បញ្ចប់សង្រ្គាម ហ្កាហ្សាឱ្យបានឆាប់ ។ ប៉ុន្តែ អាមេរិកហាក់មិនមានឥទ្ធិពល ក្នុងការបញ្ឈប់សង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានសោះ ហើយមិនតែប៉ុណ្ណោះ កំពូលមហាអំណាចយោធាលេខ១មួយនេះ ក៏មិនអាចកំញើញ ឬបញ្ឈប់ក្រុមប្រដាប់អាវុធ ដូចជាក្រុមហ៊ូទី មានមូលដ្ឋាន នៅយេម៉ែន ដែលជាប្រទេសក្រីក្រមួយ បានទៅទៀត ។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែមានឆន្ទៈបញ្ចៀសសង្រ្គាមដោយផ្ទាល់ក៏ពិតមែន តែដរាបណាសង្រ្គាមហ្កាហ្សា នៅតែអូសបន្លាយ គ្រោះថ្នាក់ និងភាពតានតឹងនៅតែមាន ដែលក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈឥទ្ធិពលអាមេរិកក្នុងតំបន់កំពុងថយចុះ រីឯអ៊ីស្រាអែលកំពុងតាំងខ្លួនឯងជាមហាអំណាច ដោយសង្រ្គាមសងសឹកនឹងក្រុមហាម៉ាសនៅហ្កាហ្សា អ៊ីស្រាអែលបិទភ្នែក មើលមិនឃើញទុក្ខវេទនា របស់ប្រជាជនប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិវាយតម្លៃថា កំពុងជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ។ ដោយសារតែអ៊ីស្រាអែលបិទច្រកនាំជំនួយមនុស្សធម៌។ សម្រាប់មន្រ្តីអង្គការសហប្រជាជាតិ ជំនួយស្បៀងមនុស្សធម៌ធ្លាក់ពីលើមេឃមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងដាច់ស្បៀង ដោយសារតែសង្រ្គាមវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ។
ជាការពិតណាស់ ស្លាប់ដោយសារគ្រោះអត់ឃ្លាន ដោយសារសង្រ្គាមវាយប្រហារ របស់កងទ័ពអ៊ីស្រាអែលជារឿងដ៏សែនសោកសៅមួយ ។ ប្រជាជនប៉ាឡេស្ទីន មនុស្សប្រុសស្រី និងកុមារនៅតែបន្តរងគ្រោះ មិនបានទទួលស្បៀង ។ សម្រាប់ប្រជាជន ប៉ាឡេស្ទីនមួយភាគធំ ការទម្លាក់ស្បៀង ពីលើយន្តហោះជាចេតនាបន្ទាបបន្ថោក ជនជាតិប៉ាឡេស្ទីនមួយជាន់ទៀត នៅពេលពួកគេត្រូវរត់ទៅប្រញាយ ដណ្តើមស្បៀងគ្នា ដើម្បីក្រពះ ។
គូររំលឹកថានាពេលកន្លងទៅ អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ចេញយោបល់ផ្ទាល់ខ្លួន និយាយថា លោក Joe Biden (ចូ បៃដិន) គ្មានគោលដៅពិតប្រាកដ ដើម្បីជួយដោះស្រាយបញ្ហា គ្រោះអត់ឃ្លាន របស់ប្រជាជនប៉ាឡេស្ទីននោះទេ ។

មន្រ្តីអង្គការសហប្រជាជាតិ ទាមទារឲ្យសហគមន៍ អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបើកជាបន្ទាន់ សម្រាប់បញ្ជៀសសោកនាដកម្ម ស្លាប់មនុស្សដោយសារគ្រោះអត់ឃ្លាន ។
ជាមួយគ្នានោះ ផ្ទុយពីបារាំង កាណាដា អ៊ីតាលី ដែលប្រកាសផ្អាកលក់អាវុធ ទៅឲ្យអ៊ីស្រាអែល ក្នុងកាលៈទេសៈដែលអ៊ីស្រាអែល កំពុងធ្វើសង្រ្គាម នៅហ្កាហ្សា ប៉ុន្តែ មហាអំណាចអាមេរិក និងអាល្លឺម៉ង់ជាដើម នៅតែបន្តលក់អាវុធ ទៅឲ្យអ៊ីស្រាអែល។ អាមេរិក អាល្លឺម៉ង់បានបោះឆ្នោត ប្រឆាំងសេចក្តី សម្រេច របស់ក្រុមប្រឹក្សា សិទ្ធិមនុស្សដែលនិយាយពីការ ឈប់លក់នាំអាវុធ ទៅអ៊ីស្រាអែល នោះបើទោះជាឃើញ មានប្រជាជនស៊ីវិល ប៉ាឡេស្ទីន ស្លាប់សឹង ជារៀងរាល់ថ្ងៃ ដោយសារសព្វាវុធដែល អ៊ីស្រាអែលបានទទួល ទិញពីបរទេស ។ អាចនិយាយម្យ៉ាងថា នៅលើឆាក អាមេរិកជាដើម បានទាមទារឲ្យអ៊ីស្រាអែល ជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិត ប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែ នៅពីក្រោយឆាក លោកខាងលិច នាំមុខដោយអាមេរិក នៅតែបន្តលក់អាវុធទំនើបៗ ដែលអ៊ីស្រាអែលប្រើ ក្នុងសង្រ្គាមហ្កាហ្សា ហើយអ្នកដែលរងគ្រោះ ស្លាប់ជីវិត គ្មានអ្នកណាក្រៅតែពីស្រ្តី និង កុមារប៉ាឡេស្ទីន ។ ភាពមានះរបស់អ៊ីស្រាអែល និងមហាអំណាចអាមេរិក ដែលចង់គាស់រំលើងក្រុមហាម៉ាស នៅហ្កាហ្សា ដោយមិនខ្វល់ពីអាយុជីវិតរបស់ប្រជាជនស៊ីវិលប៉ាឡេស្ទីននោះ អាចកំពុងហុចផលអវិជ្ជមាន បណ្តើរដល់រដ្ឋាភិបាលរបស់ពួកគេ ៕

To Top