ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃចន្ទនេះថា មនុស្សចំនួន១១នាក់កំពុងបាត់ខ្លួន ក្រោយពីព្យុះបានវាយប្រហារ មកលើតំបន់ភាគខាងត្បូង នៃប្រទេសចិន ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ចេញឆ្ងាយពីភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ។
ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងនៅខេត្ត Guangdong ស្ថិតនៅភាគខាងត្បូង នៅក្នុងរង្វង់ប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទឹកទន្លេឡើង និងបង្កើនការភ័យខ្លាច នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អាចជាករណីកើតឡើង “គេទើបជួបប្រទះតែមួយដងក្នុង១សតវត្ស” ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹង ដោយបានដកស្រង់ពីនាយកដ្ឋាន គ្រប់គ្រងគ្រាអាសន្ននៅក្នុងតំបន់ថា “មនុស្សសរុបចំនួន១១នាក់បានបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ជាបន្តបន្ទាប់ដែលបានវាយប្រហារ ផ្នែកជាច្រើននៃខេត្ត Guangdong ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ។
ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា មនុស្សជាង៥៣.០០០នាក់ត្រូវបានធ្វើការផ្លាស់ប្តូរ ទីតាំងនៅទូទាំងខេត្តនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា