វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក នឹងផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ នៅពេលដែលច្បាប់ផ្តល់សិទ្ធិថវិកាពាក់ព័ន្ធ។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី ចូ បៃដិន បានចែករំលែកថា រដ្ឋបាលរបស់លោក នឹងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីយ៉ាងរហ័ស ដើម្បីបំពេញតម្រូវការសមរភូមិបន្ទាន់ និងការការពារដែនអាកាសរបស់អ៊ុយក្រែន ភ្លាមៗនៅពេលដែលព្រឹទ្ធសភាអនុម័តការបន្ថែមសន្តិសុខជាតិ ហើយគាត់ចុះហត្ថលេខាលើវាទៅក្នុងច្បាប់”។
លោក បៃដិន បានសំដៅទៅលើជំនួយចំនួន ៦១ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលសភាបានអនុម័តកាលពីថ្ងៃសៅរ៍។ វិធានការនេះ ដែលឥឡូវនេះត្រូវបានរួមបញ្ចូលជាមួយមូលនិធិជំនួយបរទេសផ្សេងទៀត នឹងត្រូវបានបោះឆ្នោតជាវិក្កយបត្របន្ថែមលើផ្នែកសន្តិសុខជាតិដ៏ទូលំទូលាយនៅក្នុងព្រឹទ្ធសភាក្នុងសប្តាហ៍នេះ ដោយមានការអនុម័តទាំងស្រុង ប៉ុន្តែលោក បៃដិន សន្យាថានឹងចុះហត្ថលេខាលើវាភ្លាមៗនៅពេលដែលវាចុះមកលើតុរបស់លោក។
សេចក្តីប្រកាសនោះបានឲ្យដឹងថា “លោកប្រធានាធិបតី ចូ បៃដិន ក៏បានគូសបញ្ជាក់ផងដែរថា ជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងជួយរក្សាស្ថិរភាពហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញ” ដោយបន្ថែមថា ជំនួយសេដ្ឋកិច្ចក៏នឹង “គាំទ្រកំណែទម្រង់ផងដែរ នៅពេលដែលអ៊ុយក្រែន ឆ្ពោះទៅមុខលើផ្លូវនៃសមាហរណកម្មអឺរ៉ូ-អាត្លង់ទិក” ។
ខាងភាគីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ជំនួយថ្មីពីទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ក៏ដូចជាសមត្ថភាពរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំផងដែរ៕ប្រែសម្រួល ឈូក បូរ៉ា